Covid-19

សម្ភារទប់ស្កាត់ កូវីដ១៩ ដែលជាជំនួយថ្មីបន្ថែមរបស់ចិន នឹងមកដល់កម្ពុជាជាបន្តបន្ទាប់

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ សម្ភារទប់ស្កាត់ជំងឺវីរុស COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីជាការរួមចំណែកចូលរួមទប់ស្កាត់ ជំងឺកូវីដនេះ ជាមួយមិត្តដែកថែបកម្ពុជា ។

យោងតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃ១២ ឧសភានេះ បានឲ្យដឹងថា តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ តាមផ្លូវអាកាស ។

សម្ភារទាំងនោះរួមមាន សារធាតុតេស្តរកជំងឺវីរុសចំនួន ៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន ១៨០០០កំផ្លេ វ៉ែនតាការពារចំនួន ៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន ២០០គ្រឿង សម្ភារទាំងនេះត្រូវបានទទួល ដោយក្រសួងសុខាភិបាលកម្ពុជា។

ប្រទេសចិន នឹងបន្តផ្តល់ជំនួយជា សម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារផ្សេងទៀតជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រ ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ នៅក្នុងប្រទេសកម្ពុជា ។

សូមរំលឹកថា ក្រសួងការពារប្រទេសចិន បានប្រគល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស កូវីដ១៩ ដល់ក្រសួងការពារជាតិ កម្ពុជារាប់តោន ផងដែរ។ ជាពិសេស រដ្ឋាភិបាលចិន បានបញ្ជួនក្រុមអ្នកជំនាញ វេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ១៩ចំនួន៧រូប រួមជាមួយឧបករណ៍ សម្ភារពេទ្យមួយចំនួនទៀត ដល់កម្ពុជាផងដែរ ៕
ដោយ៖ ខា ដា

To Top