ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ស្នើឲ្យអភិបាល រាជធានី- ខេត្ត តាមដានដំណើរការជាប់ជាប្រចាំ ក្នុងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការ ស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ឲ្យមានភាពច្បាស់លាស់ និងពិតប្រាកដសម្រាប់ ឧបត្ថម្ភជាសាច់ប្រាក់ជូនពួកគាត់។ នេះបើយោងតាមគេហទំព័រហ្វេកប៊ុករបស់ក្រសួងផែនការ ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឹ កូវីដ-១៩ កាលពីទី១១ ខែឧសភា ឆ្នាំ២០២០ លោក ឆាយ ថន មានប្រសាសន៍ថា «ដោយសារពេលនេះ មានវត្តមានរបស់ ឯកឧត្តមអភិបាលខេត្ត ដូច្នេះ ខ្ញុំសូមស្នើ ឯកឧត្តម មេត្តាជួយសហការ និងតាមដានដំណើរការការងារនេះ ឲ្យបានជាប់ ជាប្រចាំ ដើម្បីជៀសវាងឲ្យបានប្រតិកម្មពីប្រជាជន នៅពេលដែលរាជរដ្ឋាភិបាល កម្ពុជា ចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ ដូចយើងទទួលបានបទពិសោធន៍កន្លងមក ប្រជាជនខ្លះគាត់មិនចាប់អារម្មណ៍ពេលយើងចុះសម្ភាសន៍ ប៉ុន្តែនៅពេលគាត់ត្រូវការ ឬឃើញគេនៅជិតក្នុងភូមិជាមួយគ្នាទទួលបានផលប្រយោជន៍ ពេលនោះចាប់ផ្តើមប្រតិកម្ម»។
លោកបន្ដថា «បើយើងទទួលបានលទ្ធផលល្អ និង មិនមានប្រតិកម្ម ជាពិសេស អន្តរាគមន៍ ដែលបានផ្តល់ដល់អ្នកដែលកំពុងអត់ពិតប្រាកដនោះ គឺប្រជាជននឹងផ្តល់កិត្តិយស និង ការកោតសរសើរយ៉ាងពិតប្រាកដដល់អាជ្ញាធរមូលដ្ឋាន និង ខេត្តដែលអនុវត្តការងារ ប្រកបដោយតម្លាភាព»។
លោកបន្ថែមថា តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងផែនការ បាននិងកំពុង រៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែលមានក្នុង តំបន់ជនបទ ឲ្យបានចប់សព្វគ្រប់ មុនដំណាច់ ខែឧសភា ឆ្នាំ២០២០ និង តំបន់ទីប្រជុំជនឲ្យ បានមុនដំណាច់ ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់ អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះយោបល់ជាមួយ ភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណា ដែលមានជីវភាពលេចធ្លោ៕
ដោយ ៖ អេង ប៊ូឆេង