ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាំចេញអង្ករសឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ។ បន្ថែមពីនោះរាជរដ្ឋាភិបាល បានប្រកាសគាំទ្រឲ្យបណ្ដារោងចក្រ នៅក្នុងប្រទេសកម្ពុជា ផលិតម៉ាស់ និងសម្ភារពេទ្យ សម្រាប់ការផ្គត់ផ្គង់ តម្រូវការក្នុងស្រុក និងការនាំចេញ ទៅក្រៅប្រទេសផងដែរ។
យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ឧសភា ផ្ញើជូនសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថាថា «តាមសំណើ របស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាល សម្រេចផ្ដល់ការអនុញ្ញាតឲ្យធ្វើ ការនាំចេញអង្ករស ជាបណ្ដើរៗឡើងវិញ តាមកិច្ច សន្យាបញ្ជាទិញ ពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ឧសភា តទៅ»។
ភ្លាមៗនោះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា (ស.អ.ក) បានជូន ដំណឹងដល់សមាជិក សមាជិកា ទាំង ជាពិសេសរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ថា តបតាមសំណើរបស់ ស.អ.ក រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ការអនុញ្ញាត ឲ្យធ្វើការនាំចេញ អង្ករសជាបណ្ដើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ឧសភា តទៅ។
សូជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានបញ្ជាឲ្យផ្អាកការ នាំចេញ អង្ករ ស និងស្រូវ ទៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ដោយបញ្ហាកូវីដ-១៩ ដែល កើតមានឡើង នៅកម្ពុជា ប៉ុន្ដែរាជរដ្ឋាភិបាលអនុញ្ញាត ឲ្យនាំចេញអង្ករក្រអូប ដោយអនុវត្ត កាលពីថ្ងៃទី៥ មេសា។
នៅថ្ងៃដដែល ក្រសួងសេដ្ឋកិច្ច ក៏បានចេញសេចក្ដីជម្រាបជូន ប្រធានសមាគមរោងចក្រកាត់ ដេរនៅកម្ពុជា ថា ក្នុងបរិកាណ៍ នៃការរាតត្បាតជំងឺកូវីដ-១៩ ដែលកម្ពុជា និងសកលលោក កំពុងមានតម្រូវការម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់ សម្រាប់ការពារជំងឺឆ្លង។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងលើកទឹកចិត្ត ឲ្យបណ្ដារោងចក្រកាត់ដេរនៅកម្ពុជា ចូលរួម ធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សំរាប់ការពារជំងឺឆ្លង សម្រាប់ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ។
សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានរោងចក្រ ផលិតសម្ភារពេទ្យ ដែលមានទីតាំងនៅ ខេត្តកំពង់ចាម និងស្វាយរៀង ។ជាពិសេសនោះ កម្ពុជាបានត្រៀម រោងចក្រផលិតម៉ាសខ្លួនឯង ដែលមានលទ្ធភាពផលិត ចាប់ពី ១លា២សែនម៉ាស ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ជាង៥ពាន់លីត្រ និងសម្ភារពេទ្យ ដូចជា ខោ អាវ មួកជាដើម៕ដោយ ៖ អេង ប៊ូឆេង