បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ នៅថ្ងៃពុធនេះ បានមានប្រសាសនប្រាប់ថា ប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមធ្វើការបន្ធូរបន្ថយ ការរឹតបន្តឹងនៅតាមព្រំដែនខ្លះ ដែលត្រូវគេដាក់អនុវត្ត ដើម្បីពន្យឺត ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ចាប់ពីថ្ងៃសៅរ៍ទៅ ដោយមានគោលបំណង ឲ្យមានសេរីភាពធ្វើដំណើរ នៅក្នុងតំបន់អឺរ៉ុប ចាប់ពីថ្ងៃទី១៥ ខែមិថុនា។
លោក Horst Seehofer តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់ថា ការគ្រប់គ្រងព្រំដែនទូទៅ ដែលបានព្រមព្រៀងគ្នា ជាមួយប្រទេសបារាំង ប្រទេសស្វីស និងប្រទេសអូទ្រីស ឲ្យដល់ទីបញ្ចប់នៅថ្ងៃទី១៥ ខែឧសភានោះ នឹងត្រូវបន្តរហូតដល់ថ្ងៃទី១៦ ខែមិថុនា ប៉ុន្តែច្រកព្រំដែនជាច្រើន នឹងត្រូវបើកឡើងវិញ តាមដែលអាចទៅរួច។
ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា លោករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃអាល្លឺម៉ង់រូបនេះ បានបន្តទៀតថា គោលដៅគឺនៅពាក់កណ្ដាលខែមិថុនា យើងចង់ឲ្យមានសេរីភាពធ្វើដំណើរ នៅក្នុងតំបន់អឺរ៉ុប ហើយការគ្រប់គ្រងនោះ អាចនឹងត្រូវបានដាក់ឡើងវិញជាថ្មី ប្រសិនបើមានករណីផ្ទុះឆ្លងថ្មី៕ ប្រែសម្រួល៖ប៉ាង កុង