Covid-19

នូវែលសេឡង់ បញ្ចប់ការប្រកាសរដ្ឋ ក្នុងគ្រាមានអាសន្ន និងបន្ថយកម្រិត ព្រមានពីកម្រិត៣ មកកម្រិត២

មូស្គូ៖ រដ្ឋមន្រ្តីក្រសួងការពារស៊ីវិល របស់ប្រទេស នូវែលសេឡង់ លោក Peeni Henare បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធថា អាជ្ញាធរនៃប្រទេសនូវែលសេឡង់ បានលុបចោលនូវភាព គ្រាមានអាសន្នទូទាំងប្រទេស ព្រោះថាប្រទេសនេះ នឹងត្រូវផ្លាស់ប្តូរពីការព្រមាន អំពីមេរោគកូវីដ១៩ ពីកម្រិតទី៣ មកកម្រិតទី ២ ក្នុងគ្រាដែលចំនួនករណី ឆ្លងមានការថយចុះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Henare បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា «ជាមួយនឹងការរឹតបន្តឹងតិចជាងមុន នៅពេលដែលយើងប្តូរ ទៅកម្រិតប្រកាសអាសន្នទី ២ នៅថ្ងៃព្រហស្បតិ៍ និងការថយចុះចំនួនករណីឆ្លង របស់មេរោគកូវីដ១៩ ឥឡូវវាដល់ពេលសមស្រប ដើម្បីដកការប្រកាសអាសន្នជាតិ ហើយឈានទៅរក ដំណាក់កាលអន្តរកាលជាតិ»។

ស្ថានភាពក្នុងគ្រាមានអាសន្ន ត្រូវបានប្រកាស នៅក្នុងប្រទេសនូវែលសេឡង់ នៅថ្ងៃទី ២៥ ខែមីនា។ នៅថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តី Jacinda Ardern បានប្រកាសថាប្រទេសនេះ នឹងផ្លាស់ប្តូរពីកម្រិតប្រកាសអាសន្នទី ៣ ទៅកម្រិតទី ២ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ដោយបន្ធូរបន្ថយការរឹតត្បិត ទាក់ទងនឹងជំងឺឆ្លង។

ក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ ប្រទេសនូវែលសេឡង់ មិនបានចុះបញ្ជីករណីឆ្លងថ្មី របស់មេរោគកូវីដ១៩ ដែលមានអ្នកឆ្លងសរុប ១,១៤៧ នាក់ និងមានអ្នកស្លាប់ចំនួន ២១ នាក់។

កម្រិតព្រមានទៅលើជំងឺកូវីដ -១៩ កម្រិត ២ នៅប្រទេស នូវែលសេឡង់ ត្រូវបានគេមើលឃើញថា ហាងលក់រាយ ផ្សារទំនើប ភោជនីយដ្ឋាន រោងកុន និងកន្លែងសាធារណៈដទៃទៀត នឹងបើកដំណើរការវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top