Covid-19

វៀតណាមផ្តល់ជំនួយ ផ្នែកវេជ្ជសាស្រ្តជាច្រើន ដល់ប្រទេស រុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩

ហាណូយ៖ តាងនាមឱ្យអង្គការបក្ស រដ្ឋបាល និងប្រជាជនក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង គឺលោក ង្វៀន ឌុកជុង បានប្រគល់គ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រដល់រដ្ឋធានីមូស្គូរបស់រុស្ស៊ី និងសហគមន៍វៀតណាម នៅប្រទេសនេះ កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត របស់មេរោគកូវីដ១៩។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងពិធីប្រគល់នេះ រដ្ឋាភិបាលទីក្រុង ហាណូ បានប្រគល់របាំងមុខ ប្រឆាំងនឹងមេរោគចំនួន ១០ ម៉ឺន និងរបាំងមុខផ្នែកវេជ្ជសាស្រ្តចំនួន ៥ ម៉ឺន ដល់ទីក្រុងមូស្គូ រួមជាមួយរបាំងចំនួន ៥ ម៉ឺនទៀតដល់ស្ថានទូតវៀតណាម និងសហគមន៍វៀតណាមនៅរុស្ស៊ី។

លោកប្រធាន ជុង បាននិយាយថា ប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ ប៉ុន្តែគ្មាននរណាម្នាក់ អាចដោះស្រាយបញ្ហានេះតែឯងឡើយ។ ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ គឺមានសារសំខាន់ចាំបាច់ ក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ និងកាត់បន្ថយផលប៉ះពាល់ ខាងសេដ្ឋកិច្ចសង្គម ទៅលើប្រទេសនិងតំបន់នីមួយៗ។

ដោយផ្អែកលើភាព ជាដៃគូយុទ្ធសាស្ត្រ ទូលំទូលាយវៀតណាម – រុស្ស៊ី និងចំណងមិត្តភាពជាប្រពៃណី រវាងរដ្ឋធានីទាំងពីរ អង្គការបក្ស រដ្ឋបាល និងប្រជាជនក្រុងហាណូយ មានបំណងចង់ចែករំលែកធនធានខ្លះ របស់ពួកគេជាមួយរដ្ឋបាល និងប្រជាជនទីក្រុងម៉ូស្គូ ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ- ១៩ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top