ភ្នំពេញ៖តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា(WHO)លោកស្រីLi Ailan បានថ្លែងថាទោះបីជាកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយ ១០០ភាគរយ ក៏ដោយ តែប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនក្នុងការ ថែរក្សាអនាម័យ ក៏ដូចជាស្ដាប់តាមវិធាន ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះទេ ខណៈបណ្ដាប្រទេសមួយចំនួនធំ នៅលើពិភពលោក នៅតែបន្តមានការ កើនឡើងនូវវីរុសកូវីដ១៩។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ តំណាងអង្គការសុខភាពពិភពលោកស្រីLi Ailan បានព្រមានថា ដរាបណាបណ្ដាប្រទេសមួយចំនួនធំ នៅលើពិភពលោកនៅតែមានការកើនឡើងនូវជំងឺកូវីដ១៩នោះ កម្ពុជានៅតែប្រឈម ជាមួយនឹងការឆ្លងនៅជំងឺកូវីដ១៩នេះដដែល។ដូច្នេះប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងគោរពតាមវិធានណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលជានិច្ច។
ក្នុងឱកាសផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០លោកស្រី Li Ailan បានថ្លែងថា “ទោះបីជាការខិតខំប្រឹងប្រែងរបស់យើង បានលឿនបានរហ័ស បានល្អប្រសើរហើយ ហើយយើងក៏បានគ្រប់គ្រងនូវករណីដែលយើងបានរកឃើញ១២២នាក់នេះហើយបានផ្ដល់ការព្យាបាលបានជាសះស្បើយ រួចហើយក៏ពិតមែន ក៏ប៉ុន្តែគ្រប់បណ្ដាប្រទេសទាំងអស់ ទោះបីជាលទ្ធផលបែបនេះក៏ដោយ ក៏មិនមែនមានន័យថាយើងមិនមើលអនាគតរបស់យើងទៅខាងមុខទេ!ព្រោះយើងត្រូវតែបន្តធ្វើកិច្ចការពាររបស់យើង យើងត្រូវតែត្រៀមលក្ខណៈរបស់យើងជាបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះ យើងឆ្លើយតបជាបឋម អាហ្នឹងហៅថាឆ្លើយតបជាបឋម យើងបានល្អហើយ ក៏ប៉ុន្តែយើងត្រូវត្រៀមលក្ខណៈ នៅក្នុងករណី យើងតែងនិយាយថារលកទីពីរ”។
លោកស្រីសង្កត់ធ្ងន់ថា មិនមែនមានន័យថាកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ទទួលបានជោគជ័យ១០០ភាគរយហើយ ក្រុមគ្រូពេទ្យទម្លាក់ដៃចោលនោះទេ ត្រូវតែត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩នេះ ជានិច្ច។
ក្នុងឱកាសនោះដែរ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា ទោះបីកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យបានជាសះស្បើយ ១០០ភាគរយ ក៏ដោយ តែក្រសួងសុខាភិបាល នៅតែបន្តធ្វើការតាមដានរកវីរុសកូវីដ១៩នេះដដែល ដោយមិនទម្លាក់ដៃនោះទេ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា “នៅតែធ្វើការតាមដានរកវីរុសកូវីដ១៩ ចង់ធ្វើការឲ្យបានច្រើនជាងមុនផង ដើម្បីកុំឲ្យមានកូវីដ១៩ មានរលកទីពីរកើតឡើងទៀត”។
ទាក់ទងជាមួយភោជនីយដ្ឋាន អាហារដ្ឋានណាដែលមិនមានអនាម័យ ដោយមិនបានគោរពតាមវិធានណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ហើយមន្រ្តីមូលដ្ឋានចុះធ្វើការណែនាំអត់ស្ដាប់នោះលោករដ្ឋមន្រ្តីបញ្ជាក់ថាអាហារដ្ឋាននោះនឹងត្រូវអាជ្ញាធរមូលដ្ឋានចុះទៅធ្វើការបិទភ្លាមៗដោយមិនចាំយូរឡើយ។
លោកបន្ថែមថា “សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា លោកបានឲ្យបទបញ្ជាហើយ តើ អាជ្ញាធរមូលដ្ឋានចុះបិទទៅ បើវាមិនស្ដាប់ មិនចឹង លោកឲ្យបទបញ្ជាហើយតើ បើកាលណាមិនស្ដាប់ ឃើញមិនគ្រប់តាមការណែនាំរបស់ក្រសួង លោកឲ្យបិទទៅ បើអប់រំបើថាមិនព្រមធ្វើតាម លោកឲ្យបិទទៅ”។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តីបញ្ជាក់ថា ចាប់ពីពេលនេះទៅ ក្រសួងមិនមានការធ្វើសន្និសីទ សារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩”ទៀតនោះទេ។
សូមបញ្ជាក់ថា មកពេលនេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ១០០ភាគរយ សរុបទាំងអស់១២២នាក់ ៕ដោយ៖ធី លីថូ