ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនមានអ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មីទៀតឡើយ ហើយប្រជាពលរដ្ឋ ខ្មែរត្រូវ ប្រុងប្រយ័ត្នជានិច្ច ខណៈ ប្រទេស ជិតខាង និងពិភពលោក កំពុងបន្ដរាតត្បាតនៅជំងឺ កូវីដ-១៩ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ថា “សូមអបអរសាទរក្មួយស្រី ដែលជាអ្នកជំងឺ កូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ នៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់ មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើង ក៏មិនមានអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីថែមទៀតដែរ”។
សម្ដេច តេជោ បន្ដថា ពិតមែនតែកម្ពុជា ពុំមានករណីថ្មីក៏ដោយ ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ មានអនាម័យជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះ បើគ្មានការចាំបាច់អ្វីទេនោះ។
សម្ដេចតេជោ បន្ថែម ថា “នៅពេលនេះ ប្រទេសជិតខាងយើង និងពិភពលោកទាំងមូល ក៏កំពុងបន្តរាតត្បាត ដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះ ក៏មិនទាន់មានថ្នាំព្យាបាល ជំងឺកូវីដ១៩ នៅឡើយដែរ”។
ជាងនេះ ទៅទៀត នាយករដ្ឋមន្ដ្រី បានអរគុណជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ទាំងអស់គ្នា៕ ដោយ៖ អេង ប៊ូឆេង