Covid-19

WHO ប្រឈមមុខ នឹងការអំពាវនាវ ឱ្យស៊ើបអង្កេតលើវីរុសកូវីដ ក្នុងពេលចិនប្រកាសផ្តល់ ២ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិ ជំងឺរាតត្បាតនេះ

បរទេស៖ ភាពតានតឹង ជុំវិញការដោះស្រាយជាសកល នៃជំងឺរាតត្បាត បង្កឡើងដោយវីរុសកូរ៉ូណា បានឈានដល់ចំណុចកំពូល នៅឯសន្និបាតរបស់ អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទ ដោយប្រទេសចិន បានសន្យាផ្តល់ប្រាក់ចំនួន ២ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិនេះ ចំណែកសហរដ្ឋអាមេរិក បានស្តីបន្ទោស អង្គការសុខភាពពិភពលោក ចំពោះការឆ្លើយតបដែលបរាជ័យ ដែលធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត។

យោងតាមសារព័ត៌មាន NBC NEWS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងតាមរយៈតំណភ្ជាប់វីដេអូ លោកប្រធានាធិបតីចិន ស៊ីជីនពីង បានប្រាប់មហាសន្និបាត សុខភាពពិភពលោកលើកទី ៧៣ ថា កញ្ចប់ថវិកា របស់ប្រទេសលោក នឹងជួយ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងការវាយប្រហារ ដោយជំងឺកូវីដ១៩ ។

ផ្ទុយពីការផ្លាស់ប្តូរ របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ក្នុងការដកការបរិច្ចាគ ពីអង្គការសុខភាពពិភពលោក ដែលមានន័យថា ចិននឹងបោះជំហានទៅមុខ ក្នុងនាមជាអ្នកគាំទ្រហិរញ្ញវត្ថុធំបំផុត របស់អង្គការនេះ។ លោក ត្រាំ បានចោទប្រកាន់ អង្គការសុខភាពពិភពលោក ពីការជួយប្រទេសចិន ក្នុងការទប់ស្កាត់ នូវដំណាក់កាលដំបូង នៃជំងឺរាតត្បាត និងការរីករាលដាល កាន់តែអាក្រក់ទៅ ៗ ដែលទាំងនេះ ត្រូវបាន អង្គការ និងទីក្រុងប៉េកាំងបដិសេធ។

សន្និបាតអង្គការសុខភាពពិភពលោក ដែលត្រូវបានប្រារព្ធធ្វើឡើង ជាលើកដំបូង ត្រូវបានផ្តោតជាផ្លូវការ លើកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។

សន្និបាតកាលពីថ្ងៃច័ន្ទ គឺជាសញ្ញាចុងក្រោយ នៃភាពតានតឹង ក្នុងអំឡុងពេលមានជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង ៣០ ម៉ឺននាក់ នៅទូទាំងពិភពលោក និងបង្កភាពតានតឹង កើនឡើងយ៉ាងខ្លាំង រវាងសហរដ្ឋអាមេរិក និងចិន។

ចំណែកឯលោកស៊ី ដែលជាប្រធានាធិបតីចិន បានកោតសរសើរ ដល់អង្គការសុខភាពពិភពលោក ក្នុងអំឡុងកិច្ចប្រជុំកំពូល កាលពីថ្ងៃច័ន្ទ ។ លោក Alex Azar រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ការបរាជ័យរបស់អង្គការនេះ បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត ហើយវាមិនត្រូវកើតឡើង ម្តងទៀតឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top