ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា បណ្តាប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅតែប្រឈមមុខខ្ពស់ ដោយសារការកើនឡើង នៃការផ្ទុះជំងឺកូវីដ១៩ ខណៈដែលប្រទេសឥណ្ឌា គិតត្រឹមថ្ងៃអង្គារ បានក្លាយជាប្រទេសទី១១ នៅលើពិភពលោក ដែលមានអ្នកឆ្លងជំងឺ លើសពី១០០.០០០នាក់ ។
នៅក្នុងសេចក្តីប្រកាស អំពីទិន្នន័យចុងក្រោយ ដោយក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា គិតត្រឹមថ្ងៃអង្គារ បានកើនឡើងដល់ ១០១.១៣៩នាក់ ខណៈដែលអ្នកស្លាប់ កើនឡើងដល់៣.១៦៣នាក់ ។
សរុបអ្នកស្លាប់ថ្មី ចំនួន១៣៤នាក់ និង៤.៩៧០នាក់ មានលទ្ធផលតេស្តវិជ្ជមាន ត្រូវបានគេរាយការណ៍ ឲ្យដឹងចាប់ពីថ្ងៃចន្ទ ។
កាលពីថ្ងៃទី៧ ខែឧសភា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺ៥០.០០០នាក់ ដែលនេះមានន័យថា តួលេខបានកើនឡើងទ្វេដង ក្នុងរយៈពេល១២ថ្ងៃ កន្លងទៅនេះ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា