Covid-19

អាមេរិក ផ្ដល់ថវិកាឥតសំណង ៧,៥លានដុល្លារ ជួយកម្ពុជាប្រឆាំង កូវីដ-១៩

ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបា លអាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន៧,៥លានដុល្លារ សម្រាប់ឆ្លើយតបទៅ នឹងការ ការពារសុខុមាលភាព ប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅកម្ពុជា។ នេះយោងតាមសេចក្ដី ប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy មានប្រសាសន៍ថា «រដ្ឋាភិបាលសហ រដ្ឋអាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់សរុប ចំនួន៧,៥លានដុល្លារអាមេរិក ដែលក្នុង នោះ ថវិកាចំនួន ៥លានដុល្លារអាមេរិក សម្រាប់ការ ស្ការសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំងឺ កូវីដ-១៩ និងថវិកាចំនួន២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទាន បន្ថែមសម្រាប់ការ ឆ្លើយតបនឹងការការពារសុខុមាលភាព ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា »។

លោកបន្ដថា ចំពោះការប្រើប្រាស់ ហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ ក្នុងការជួយលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំង ពីជំងឺរាតត្បាតនេះ ។ ដោយឡែក ក្នុងរយៈពេលមធ្យម នឹងជួយរៀបចំកម្មវិធី បណ្ដុះបណ្ដាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងវិស័យឯកជន។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្ដល់ជំនួយ អន្ដរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ដែលជាកាយវិការ ប្រកបដោយអត្ថន័យ សម្រាប់ប្រជាជនកម្ពុជា។ លោកថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផល ប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានគំរាមកំហែង ដល់ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចពិភពលោកផងដែរ ហើយកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផល ប៉ះពាល់ពីជំងឺនេះ។

លោកគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញជា បន្ដបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្ម ដែលរងប៉ះពាល់ធ្ងន់ធ្ងរ ជួយសម្រាលដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top