Covid-19

តួកគី មានករណី ឆ្លងជំងឺលើស ពី១៥៤.០០០នាក់ ខណៈអ៊ីរ៉ង់ កើនឡើងដល់ ជាង១៣ម៉ឺននាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រទេសតួកគី មានករណីឆ្លងជំងឺកូវីដ១៩លើស ពី១៥៤.០០០នាក់ ខណៈដែលតួលេខនៃអ្នកឆ្លងជំងឺប្រចាំថ្ងៃបាន បន្តថយចុះនៅក្រោម១.០០០នាក់ ។ ទន្ទឹមនឹងនេះដែរ អ៊ីរ៉ង់ ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺលើសពី១៣១.០០០នាក់ ។

លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅមជ្ឈិមបូព៌ា ដោយបានកើនឡើងដល់១៥៤.៥០០នាក់ បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន៩៥២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។

នេះជាថ្ងៃទី៣ហើយ ដែលចំនួនអ្នកឆ្លងជំងឺ ប្រចាំថ្ងៃនៅក្នុងប្រទេសតួកគី ធ្លាក់ចុះក្រោម១.០០០នាក់ ។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៥១នាក់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យតួលេខសរុបនៃអ្នកស្លាប់នៅក្នុងប្រទេសបានកើនដល់៧.៣០០នាក់ ចាប់តំាងពីមានករណីផ្ទុះជំងឺកាលពីចុងខែកុម្ភៈ ។

បើតាមការលើកឡើងរបស់លោក Kianush Jahanpur  នាយកមជ្ឈមណ្ឌលព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកឆ្លងជំងឺដោយវីរុសនេះចំនួន ២.៣១១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើង ដល់១៣១.៦៥២នាក់ ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top