Covid-19

រាជរដ្ឋាភិបាល បងើ្កនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារនិងជំរុញ កំណើនសេដ្ឋកិច្ច ក្រោយកូវីដ១៩

ភ្នំពេញ ៖ ដោយសារ បច្ចុប្បន្នកម្ពុជា កំពុងរងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារការរីករាដាល នៃជំងឺកូវីដ១៩ ឆ្លើយតបជាមួយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញ នូវវិធានការសំខាន់ៗចំនួន៤ ដោយបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩នេះ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល នៅថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២០បាន ឲ្យដឹង ថាវិធានការចំនួន៤នោះ រួមមាន៖ទី១-វិធានការបងើ្កន និង សម្រួលរំហូរសាច់ប្រាក់: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយ និង កែសម្រួលនូវ លក្ខខណ្ឌមួយចំនួន ដើម្បីបង្កើន និង សម្រួលរំហូរសាច់ប្រាក់ នៅក្នុងប្រព័ន្ធធនាគារថែមទៀត។

ទី២-ការបន្ធូរបន្ថយ ការអនុវត្តពន្ធកាត់ទុក លើការប្រាក់ សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និង ក្រៅស្រុក (Withholding Tax):សម្រាប់កម្ចីថ្មី៖ ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេស ដែលមានកិច្ចព្រមព្រៀង ស្តីពីការ លុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (DTA) និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។

ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។ កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២២ ។

សម្រាប់កម្ចីចាស់៖ ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២១ ។

ទី៣-ប្រភពហិរញ្ញប្បទាន សម្រាប់ទុនបង្វិល (Working Capital):ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំបង្កើត “មូលនិធិធានាឥណទាន” (Credit Guaran-tee Fund) ជាមួយថវិកា ២០០ លានដុល្លារ។ មូលនិធិនេះ អាចធានាឥណទានកម្ចី តាមរយៈធនាគារ និង មីក្រូហិរញ្ញវត្ថុ ដោយប្រើគោលការណ៍ទីផ្សារ ដើម្បីជួយសម្រាលសម្ពាធ រំហូរសាច់ប្រាក់ និង ទុនបង្វិលរបស់អាជីវកម្ម-ធុរកិច្ចក្នុងគ្រប់វិស័យ បានយ៉ាងតិចចំនួន ២០០០លានដុលា្លរ ។

និងវិធានការទី៤-ការត្រៀមឧបករណ៍ ផ្តល់ហិរញ្ញប្បទាន (Financing Facility) បន្ថែម: ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងត្រៀមថវិកា សម្រាប់ហិរញ្ញប្បទាន បន្ថែមចំនួន ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ និង ដើរតួជាកាតាលីករ ជំរុញកំណើនតាមវិស័យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិ និងក្រោយពេលវិបត្តិ៕ ដោយ៖ធី លីថូ

To Top