កំពង់ចាម ៖ ប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ បាញ់ថ្នាំសម្លាប់មេរោគដើម្បី បន្តការពារជំងឺកូវីដ១៩ រលកទី ២ ។
សម្រាប់ខេត្តកំពង់ចាម ប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្ត លោក អ៊ុន ចាន់ដា តែងតែបានស្នើដល់គ្រប់មន្ទីរ អង្គភាពទាំងអស់ ក្នុងខេត្តកំពង់ចាម អោយ បន្តយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឲ្យដូចជាភ្លៀងរលឹម ដើម្បីទប់ស្កាត់ កុំឲ្យកើតមានឡើងនូវរលកទី២ ។
ជាក់ស្ដែងនៅរសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅសាលប្រជុំធំ ក្នុងបរិវេណសាលាខេត្តកំពង់ចាម ដើម្បីការពារ កុំឲ្យកើតមានជំងឺកូវីដ១៩ ក្នុងរលកទី២នេះ៕