ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ អាយុជីវិតកងទ័ពមួកខៀវកម្ពុជាម្នាក់ ដោយសារជំងឺ កូវីដ-១៩ នៅប្រទេសម៉ាលី។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តម សេនីយ៍ទោ ស សាវី ដែលទៅបំពេញ បេសកកម្មមនុស្សធម៌ ករោមឆ័ត្រអង្គការសហប្រជាជាតិ បានស្លាប់ដោយសារ ជំងឺដ៏កាច សាហាវកូវីដ១៩។
ក្រោយបញ្ចប់ពិធី បញ្ចុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ សម្ដេច ទៀ បាញ់ មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំក៏មានការសោកស្ដាយណាស់ កងទ័ពមួកខៀវយើងដែលហៅថា កម្លាំងគាំទ្រថ្នាក់ជាតិ ដែលធ្វើប្រតិបត្តិការ នៅប្រទេសម៉ាលី ឆ្លងជំងឺកូវីដ-១៩ ។ មិនមែនតែយើងទេ កម្លាំងប្រតិបត្តិការទីនោះ ក៏មានការឆ្លង ដែលរហូតដល់ជាង៧០ នាក់ ទទួលឆ្លងជំងឺ កូវីដ-១៩ នេះ»។
សម្ដេចបន្ដថា «ប៉ុន្ដែអកុសលអាក្រក់របស់យើងមានម្នាក់ ក្នុងចំណោមប៉ុន្មាននាក់ នៃការជាសះស្បើយជាច្រើន ហើយអ្នកស្លាប់នេះ មានសាភាពធ្ងន់ធ្ងរ ហើយយើង ប្រឹងប្រែងជួយ ។ អង្គការនៅទីនោះ ក៏ខិតខំប្រឹងប្រែងជួយដែរ ហើយមិនអាចជួយសង្គ្រោះបាន»។
សម្ដេចណែនាំឲ្យធ្វើយ៉ាងណា ត្រូវមានការគោរពគ្នា ទៅវិញទៅមក នៅក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ ។
ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានអំពាវនាវទៅដល់ កងទ័ពមួកខៀវ នៅប្រទេសម៉ាលី ត្រូវបន្ដការពារសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។
សូមរំលឹកថា នៅសាធារណរដ្ឋម៉ាលី កម្ពុជាមានកងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ២៣១ ចំនួន១៤៤នាក់ និងកងវិស្វកម្មព្រលានយន្តហោះ លេខ៨៩១ មាន១៥៤នាក់ សរុបរួមទាំងពីរកង មានចំនួន២៩៨នាក់៕
ដោយ ៖ អេង ប៊ូឆេង