ភ្នំពេញ៖ ក្រោយសារព័ត៌មាន វៀតណាមផ្សាយថា មានបុរសវៀតណាម អាយុ១៨ឆ្នាំ ឆ្លងជំងឺកូវីដពីកម្ពុជា ក្រសួងសុខាភិបាលខ្មែរ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានស្នើទៅកាន់ភាគីវៀតណាម ឲ្យគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លងនេះ។
ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការច្រានចោល លើការចុះផ្សាយ របស់កាសែតវៀតណាមផងដែរ ។
សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកាសែតវៀតណាម តែងតែចុះផ្សាយនូវព័ត៍មាន ពាក់ព័ន្អនឹងករណី ឆ្លងជំងឺកូវីដ១៩ពីកម្ពុជា។
សេចក្តីថ្លែងការណ៍ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានច្រានចោលទាំងស្រុងនូវព័ត៌មាន បានចុះផ្សាយលើ ទំព័រវែបសាយសារព័ត៌មានឈ្មោះ លុយអាតវៀតណាម _(luatvietnam.vn) អំពីមានករណី បុរសជនជាតិវៀតណាមម្នាក់ ជាអ្នកជំងឺកូវីដ-១៩ ធ្វើដំណើរពីកម្ពុជា ចូលទៅវៀតណាម តាមច្រកទ្វារព្រំដែន ថុងហ្វឹក (Thuong Phuong) នៅថ្ងៃ២៥ ឧសភា ត្រូវបានធ្វើតេស្តមានលទ្ធផល វិជ្ជមានវីរុស-១៩ ហើយដាក់ឲ្យព្យាបាល នៅមណ្ឌល សុខភាព ង្វានហុងដី (Huyen Hong Ngu health center) នៅថ្ងៃ៧ មិថុនា ។
បើតាមក្រសួងមកទល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូវការណាមួយ ពីករណីជនជាតិវៀតណាម ត្រូវបានផ្តល់ ដោយអាជ្ញាធរសុខាភិបាលវៀតណាម តាមប្រព័ន្ធរាយការណ៍ ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុងបណ្តាប្រទេសអាស៊ាននោះទេ។
ក្រសួងបន្តថា បុរសនោះមិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺឆ្លងនៅវៀតណាមតែម្តង។
ក្រសួងសុខាភិបាលបញ្ជាក់ថា “សូមអំពាវនាវដល់ភាគី មិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែលជាការ ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ ដើម្បីផលប្រយោជន៍ ដល់ប្រជាជនទាំងពីរប្រទេស”៕