ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដេស បានបន្តកើនឡើងខ្លាំង គិតត្រឹមថ្ងៃអាទិត្យ ទន្ទឹមនឹងនេះ ដែរ រដ្ឋធានីរបស់ជប៉ុន គឺក្រុងតូក្យូ មានការព្រួយបារម្ភនឹងរលកទី២ នៃការឆ្លងរាលដាលជំងឺ បន្ទាប់ពីត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន៤៧នាក់ ។
ក្រសួងសុខាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានឲ្យដឹងថា មានអ្នកស្លាប់បន្ថែម ចំនួន៣១១នាក់ និងមានអ្នកមានលទ្ធផលវិជ្ជមានថ្មី ចំនួន១១.៩២៩នាក់ ដែលនាំឲ្យតួលេខ អ្នកស្លាប់កើនដល់៩.១៩៥នាក់ និងអ្នកឆ្លងជំងឺ មានរហូតដល់ ៣២០.៩២២នាក់ ។
សរុបចំនួនអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសបង់ក្លាដេស បានកើនឡើងដល់លើស ៨៧.០០០នាក់ ដែលមានអ្នកឆ្លងប្រចាំថ្ងៃលើសពី ៣.០០០នាក់ ។ លោក Nasima Sultana មន្ត្រីជាន់ខ្ពស់ មកពីក្រសួងសុខាភិបាល បានថ្លែងថា មានករណីថ្មីចំនួន៣.១៤១នាក់ និងមានអ្នកស្លាប់៣២នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។
ក្នុងប្រទេសជប៉ុន រដ្ឋបាលក្រុងតូក្យូ ត្រូវបានគេបញ្ជាក់ថា មានករណីថ្មីចំនួន៤៧នាក់ តែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអភិបាលក្រុងតូក្យូ លោក Yuriko Koike បានដកបម្រាម “ការប្រុងប្រយ័ត្ននៅក្រុងតូក្យូ” ទៅលើការឆ្លងជំងឺដែលអនុញ្ញត ឲ្យពាណិជ្ជកម្មទាំងអស់ បើកដំណើរការឡើងវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា