ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា កូវីដ១៩ បានធ្វើប៉ះពាល់ ដល់សេដ្ឋកិច្ចពិកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋក្រីក្រ ជាង៦០ម៉ឺនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ។
តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ជាពិសេសបានធ្វើអោយ ពលរដ្ឋក្រីក្រជាង៦សែនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ”។ សម្ដេចបញ្ជាក់ថា នៅថ្ងៃនេះសម្ដេចនឹងប្រកាស ដាក់អោយប្រើប្រាស់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”។
ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវនាវ ដល់ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ ថែរក្សាការពារសុខភាព កុំអោយឆ្លងមេរោគកូវីដ១៩ ដោយត្រូវឧស្សាហ៍ ដុសលាងសម្អាតដៃ ជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ចំពោះទីកន្លែង ដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើន ដូចជា: ផ្សារទំនើប ហាងទំនិញលក់ដូរ តាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន ត្រូវមានជែល ទឹកអាល់កុល និងម៉ាស ដើម្បីឲ្យអតិថិជនប្រើប្រាស់ កុំអោយឆ្លងរោគ។
សម្ដេចបញ្ជាក់ថា ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាល នៅឡើយទេ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំធ្វេសប្រហែស ឬមើលស្រាល ជំងឺនេះឲ្យសោះ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១៣០នាក់ (ស្រ្តី៣៩ បុរស៩១នាក់) ព្យាបាលជាសះស្បើយ ចំនួន១២៧នាក់ ខណ:នៅសល់៣នាក់ កំពុងសម្រាកព្យាបាល៕ ដោយ៖ធី លីថូ