តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា មានករណីថ្មី ដែលឆ្លងជំងឺកូវីដ១៩ ចំនួន២.៥៣១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប គិតត្រឹមថ្ងៃពុធនេះ បានកើនឡើងដល់២១២.៥០១នាក់ ។
លោកស្រី Sima Sadat Lari អ្នកនាំពាក្យមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានលើកឡើងថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ មាន១៣៣នាក់ ដោយសារវីរុសនេះ គិតត្រឹមយប់មិញ ដែលនាំឲ្យតួលេខ អ្នកស្លាប់កើនឡើងដល់ ៩.៩៩៦នាក់ ។
លោកស្រី Lari បានថ្លែងថា មានអ្នកជាសះស្បើយចំនួន ១៧២.០៩៦នាក់ និងចំនួន២.៨៦៩នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ។
យោងតាមការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ថា មនុស្សចំនួន១.៥០២.៥២៥នាក់ បានធ្វើតេស្តរកមើលមេរោគ បង្កជំងឺកូវីដ១៩ ដែលបានអនុវត្តន៍ នៅក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា