ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យសមាជិកអាស៊ាន ត្រូវរួមគ្នាប្រយុទ្ធទៅនឹងជំងឺ កូវីដ-១៩ ហើយថា នេះមិនមែនជាពេល សម្រាប់ចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នាឡើយ ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវិដេអូ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប » នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ បានថ្លែងឲ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ១៩ នាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ ផ្គត់ផ្គង់ សកលលោកជាដើម។
សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកល លើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខណ្ឌអង្គការ សហប្រជាជាតិ ពិតជាមានភាពចាំបាច់ មិនអាចខ្វះបាន។ ជាការពិតណាស់ កាលៈទេសៈនេះ មិនមែនជាពេល សម្រាប់យើងចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀប វារៈនយោបាយណាមួយនោះឡើយ»។
សម្ដេចតេជោ បន្ដថា ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះអាណត្តិធម្មនុញ្ញរបស់ អង្គការសុខ ភាពពិភពលោក (WHO) ដែលកំពុងដើរតួនាទីស្នូល ក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងការរង់ចាំ ភាពជោគជ័យដំបូងបំផុត នៃការផលិត វ៉ាក់សាំង កម្ពុជាអំពាវនាវ ឲ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (Global common goods) ដែលប្រជាជនគ្រប់រូបក្នុងសកល-លោក អាចទទួលបាន។
សម្ដេចតេជោបន្ថែមថា ក្នុងកម្រិតកំបន់ទាំងអស់គ្នា ពិតជាមានមោទនភាព ដែលអាស៊ានទទួលបានជោគជ័យ ប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ សម្ដេចរំលឹកថា ក្នុងខែមេសា កន្លងទៅ កម្ពុជាបានរៀបកិច្ចប្រជុំពិសេស ស្ដីពី បញ្ហានេះ តាមប្រព័ន្ធវិដេអូ ព្រមទាំង បានឯកភាពលើវិធានការ ជាក់ស្ដែងមួយចំនួន ដើម្បី កាត់បន្ថយផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺ កូវីដ-១៩។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងថា ជាទិសដៅទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ដ្រ ក្នុងការត្រៀមខ្លួន ឲ្យបានល្អសម្រាប់ ក្រោយអំឡុងពេលវិបត្តិ កូវីដ-១៩។ដើម្បីសម្រេចបាន នូវគោលដៅនេះ អាស៊ានគួរបង្កើតផែនការ ស្ការឡើងវិញមួយ ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ សេណារីយ៉ូមួយចំនួន សម្រាប់បើកឲ្យដំណើរការជាបណ្ដើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការ ពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្ការឡើងវិញ នូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិ ជំងឺ កូវីដ-១៩៕
ដោយ ៖ អេង ប៊ូឆេង