ភ្នំពេញ ៖ តាមរយៈអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបន្តក្រើនរំលឹកក៏ដូចជាដាស់តឿនឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩។
ការក្រើនរំលឹកនេះក្រោយកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩នាក់ទៀតបន្ទាប់ពីពួកគេបានធ្វើដំណើរត្រឡប់ មកពីឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងនៅព្រឹកថ្ងៃ២៧ មិថុនា។
លោកស្រី ឱ វណ្ណឌីន អ្នកនាំក្រសួងបានថ្លែងថា “សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ រងចាំតែមានឱកាស មានការធ្វេសប្រហែស និងឲ្យតែមានពេលចន្លោះតែមួយភ្លែតៗដែលយេីងមិនបានការពារខ្លួន វីរុសដ៏កាចសាហាវនេះ នឹងអាចឆ្លងមកចូលខ្លួនយេីងហេីយណាបងប្អូន”។
ដូច្នេះមានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាលជារឿយៗមកហេីយនោះទេ ដែលអាចជួយចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩ នេះបាន។ នេះបើតាម លោកស្រីអ្នកនាំថ្លែងបន្ត។
លោកស្រីជូនពរពលរដ្ឋឲ្យមានសុខភាពល្អ ចៀសផុតពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសរួមគ្នាទប់ស្កាត់ ឲ្យបាននូវរលកទីពីរនៃការចម្លងវីរុសដ៏កាចសាហាវ៕