ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើស២,៦លាននាក់ គិតត្រឹមថ្ងៃអង្គារ គឺបានកើនឡើងដល់ ២.៦០៦.២១១នាក់ គិតត្រឹមម៉ោង១២និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង១៦និង៣៣នាទី ម៉ោងសកល ។
ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ ដោយសារជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់ ១២៦.៣៦០នាក់ ។
ទិន្នន័យសរុបបានបង្ហាញថា ក្រុងញ៉ូវយ៉ក ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺចំនួន៣៩៣.៣០២នាក់ និងមានអ្នកស្លាប់ចំនួន៣១.៤០៣នាក់ ។ រដ្ឋផ្សេងទៀត មានអ្នកឆ្លងជំងឺជាង១០០.០០០នាក់ ក្នុងនោះរាប់បញ្ចូល ទាំងរដ្ឋកាលីហ្វ័រនីញ៉ា ញ៉ូវជេស៊ី តិចសាស់ ផ្លរីដា អ៊ីលីណូ និងម៉ាសាជូសិត ។
រដ្ឋជាច្រើន ពិសេស រដ្ឋនៅភាគខាងត្បូង និងខាងលិចសហរដ្ឋអាមេរិក បានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងខ្ពស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា