Covid-19

ភាគីពាក់ព័ន្ធ សហការគ្នាទប់ស្កាត់ជំងឺ កូវីដ-១៩ កុំឲ្យឆ្លងតាមពន្ធនាគារ

ភ្នំពេញ ៖ លោក ចាន់ គីមសេង អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាន ឲ្យដឹងថា មូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំកម្ពុជា និងឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ប្រចាំកម្ពុជា សហការជា មួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ កុំឲ្យឆ្លងតាមពន្ធ នាគារ។

ក្នុងពិធីទទួលសម្ភារការពារជំងឺ កូវីដ-១៩ ពី អង្គការយូនីសេហ្វ អង្គការ UNOHCHR នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ចាន់ គីមសេង បានថ្លែងអំណរគុណ ចំពោះអង្គការយូនីសេហ្វ និង UNOHCHR ដែលបានផ្ដល់សម្ភារការពារជំងឺកូវីដ-១៩ ទៅដល់ពន្ធនាគារ រាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណា ការពារជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោក បានបន្ដថា «ចំពោះជំងឺកូវីដ-១៩នេះ អង្គការយូនីសេហ្វ និង UNOHCHR មានការចាប់អាម្មណ៍យ៉ាងខ្លាំង ក្នុងការសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ ការរីករាលដាល់ជំងឺកូវីដ-១៩ នៅតាមពន្ធនាគារ នៅប្រទេសកម្ពុជា»។

លោកក៏បានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បីបង្កើន ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន ដទៃទៀតក្នុងពន្ធនាគារ។ លោកជឿជាក់ថា អង្គការ យូនីសេហ្វ និង UNOHCHR នឹងបន្ដកិច្ចសហការ យ៉ាងល្អបន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដែលនាំមកនូវផលប្រយោជន៍ ក្នុងវិស័យពន្ធនាគារ នៅកម្ពុជា។លោកបានបញ្ជាក់ដែរថា វិស័យពន្ធនាគារនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការគ្រប់គ្រងយ៉ាងល្អ ស្របតាមពាក្យ ស្លោក «សន្ដិសុខ សុខភាព និងមនុស្សធម៌»។

ដោយឡែកលោក JALLAA ABDELWAHAB អនុប្រធានមូលនិធិ អង្គការសហប្រជាជាតិ ដើម្បីកុមារ (យូនីសេហ្វ) បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការងារជួយកុមារ ក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមាន ការប៉ះពាល់វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារផងដែរ។

លោកបានបន្ថែមថា ផលប៉ះពាល់ទាំងនោះ មានរយៈពេលវែង និងខ្លី ប៉ុន្តែជាការពិតណាស់ យូនីសេហ្វ បានទទួល ការគាំទ្រពីជំនួយរបស់ សហរដ្ឋាអាមេរិក រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបា លចិន ដើម្បីទិញសម្ភារ យកមកចែកជូនពន្ធនាគារ នៅប្រទេសកម្ពុជា។លោកថា យូនីសេហ្វ នឹងបន្ដទិញសម្ភារបន្ថែមទៀត ដើម្បីបំពេញតម្រូវការ នៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណា ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យ ឆ្លង ទៅដល់អ្នកជាប់ឃុំខ្លួន ក្នុងពន្ធនាគារ។

ចំណែកលោក PRADEEP WANGLE តំណាងស្ដីទី ការិយាល័យ ឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) មានប្រសាសន៍ដែរថា UNOHCHR រីករាយ បន្ដកិច្ច សហការ បន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ទៅលើ វិស័យផ្សេងៗផងដែរ ជាពិសេស វិស័យពន្ធនាគារ។ លោកបន្តថា ជំងឺ កូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ទាំងកម្ពុជា និងពិភពលោក ដូច្នេះភាគី ពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ទប់ស្កាត់ជំងឺកូវីដ-១៩ បន្ថែមទៀត។

លោកលើកឡើងទៀតថា UNOHCHR នឹងសហការជាមួយ ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋាន ពន្ធនាគារ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងទៅដល់អ្នក ជាប់ពន្ធនាគារនៅតាម រាជធានី-ខេត្ត៕

To Top