គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃសៅរ៍ មានប្រមាណជិត២៤០.០០០នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រទេសអារ៉ាប៊ី សាអូឌីត បានកើនឡើងលើសប្រទេសតួកគី ដែលមានអ្នកឆ្លងជំងឺសរុបជិត២០៦.០០០នាក់ ។
អ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនៅឯមជ្ឈិមបូព៌ា ដែលត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺថ្មីចំនួន២.៤៤៩នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើង ដល់២៣៧.៨៧៨នាក់ ។
ប្រទេសនេះក៏ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១៤៨នាក់ ដោយសារវីរុសនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់១១.៤០៨នាក់ ។ សរុបអ្នកជំងឺកូវីដ១៩មានចំនួន១៩៨.៩៤៩នាក់បានជាសះស្បើយពីជំងឺ ដែលមានអ្នកជំងឺចំនួន៣.១៣៦នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ចំណែកប្រទេសអារ៉ាប៊ី សាអូឌីត វិញ ត្រូវបានគេប្រកាសថា មានអ្នកឆ្លងជំងឺថ្មីចំនួន៤.១២៨នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៥៦នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់២០៥.៩២៩នាក់ និងអ្នកស្លាប់សរុបកើនដល់១.៨៥៨នាក់ ។
រីឯប្រទេសតួកគី ក្នុងអំឡុងពេលដូចគ្នានេះដែរ គឺមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់២០៤.៦១០នាក់ បន្ទាប់ពីមានអ្នកជំងឺថ្មីចំនួន១.១៥៤នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ។ លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញសង្គម Twitter ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា