ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងលើសពី៣លាននាក់ គិតត្រឹមថ្ងៃពុធ គឺមានរហូតដល់៣.០០៩.៦១១នាក់ ត្រឹមម៉ោង១១និង៣៤នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៥និង៣៤នាទី ម៉ោងសកល ។
សាកលវិទ្យាល័យ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស ដោយសារជំងឺបានកើនឡើង ដល់ ១៣១.៥៩៤នាក់ ។
ទិន្នន័យបានមកពី សាកលវិទ្យាល័យបង្ហាញថា ក្រុងញ៉ូវយ៉ក រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លងជំងឺ កើនឡើងដល់ ៣៩៨.២៣៧នាក់ និងមានអ្នកស្លាប់៣២.២៤៣នាក់ ។ បណ្តារដ្ឋផ្សេងៗទៀត មានអ្នកឆ្លងជំងឺលើសពី១០០.០០០នាក់ ក្នុងនោះមាន រដ្ឋកាលីហ្វ័រនីញ៉ា ផ្លារីដា តិចសាស់ ញ៉ូវជឺស៊ី អ៊ីលីណ័រស៍ ម៉ាសាជូសិត អារីហ្ស៊ូណា និងចចា ។
វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជាន់ខ្ពស់ ខាងផ្នែកជំងឺឆ្លងរបស់ប្រទេសនេះ បានបញ្ជាក់កាលពីថ្ងៃចន្ទថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គឺ “មិនមានស្ថានភាពល្អនោះទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា