Covid-19

សាកលវិទ្យាល័យ៖ ជំងឺកូវីដ១៩ សម្លាប់ពលរដ្ឋនៅទូទាំងពិភពលោក អស់ជាង៥៧ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើស ៥៧០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ គឺមានចំនួន៥៧០.២៥៩នាក់ គិតត្រឹមម៉ោង១២និង៣៤នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៦និង៣៤នាទីម៉ោងសកល ។

សាកលវិទ្យាល័យ បានបញ្ជាក់ថា ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២.៩៧៧.៤២៩នាក់ ។

ទិន្នន័យបង្ហាញ ដោយសាកលវិទ្យាល័យខាងលើ បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ១៩ ច្រើនជាងគេ បំផុត ដោយមានអ្នកឆ្លងជំងឺ ចំនួន៣.៣២៧.៣៨៨នាក់ និងមានអ្នកស្លាប់ ចំនួន១៣៥.២៩៥នាក់ ។
បន្ទាប់មកមានប្រេស៊ីល ត្រូវបានគេកត់ត្រា ដែលមានចំនួនអ្នកឆ្លងជំងឺ ១.៨៦៤.៦៨១នាក់ និងមានអ្នកស្លាប់ចំនួន ៧២.១០០នាក់ ដែលជាប្រទេសជាប់លំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ។

បណ្តាប្រទេសផ្សេងៗទៀត មានអ្នកស្លាប់ជាង ២០.០០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងអង់គ្លេស ម៉ិកស៊ិក អ៊ីតាលី បារាំង អេស្ប៉ាញ និងឥណ្ឌា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top