បរទេស៖ កាលពីថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ចំនួន ៥ ករណីថ្មីទៀត។ វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា អ្នកជំងឺថ្មីទាំង ៥ នាក់នោះ គឺបានវិលត្រឡប់មកពីប្រទេសសឹង្ហបុរី អារ៉ាប់រួម និងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឆ្លងម្នាក់ក្នុងចំនោមពួកគេ គឺជាស្ត្រីម្នាក់ដែលមានអាយុ ៤៨ ឆ្នាំ ដែលត្រឡប់មកពីសហរដ្ឋអាមេរិកកាល ពីថ្ងៃសៅរ៍ហើយត្រូវបានគេដាក់ឱ្យនៅដាច់ ដោយឡែកនៅទីក្រុងបាងកក។ កាលពីថ្ងៃច័ន្ទនាងបានបាត់បង់ ការស្រង់ក្លិន ហើយឈឺបំពង់កនិងស្លកខ្លាំង។ នាងបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃច័ន្ទ។
ពីរនាក់ទៀតជាពលករប្រុសដែលមានអាយុ ៤៣ ឆ្នាំនិង ៤៩ ឆ្នាំ ដែលបានត្រឡប់មកពីសិង្ហបុរីកាលពីថ្ងៃចន្ទ។ ពួកគេឈឺនៅពេល មកដល់ប្រទេស ហើយបានធ្វើតេស្ត៍វិជ្ជមាននៅឯតំបន់ដាច់ដោយឡែកនៃ អាកាសយានដ្ឋានសុវណ្ណភូមិ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត សាមុតប្រាកាន។
ចំណែកពីរនាក់ទៀត ម្នាក់ជាបុរសអាយុ ២៧ ឆ្នាំ និងស្ត្រីម្នាក់អាយុ ៣៥ ឆ្នាំដែលបានមកដល់ពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី ២ ខែកក្កដា ហើយត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នានៅខេត្តឈុនបូរី។ ពួកគេបានធ្វើតេស្តវិជ្ជមាននៅថ្ងៃច័ន្ទ ពោល គឺមានរយៈពេល ១១ ថ្ងៃបន្ទាប់ពីការមកដល់ថៃ ប៉ុន្តែនៅតែមិនមានលេចចេញរោគសញ្ញាដដែល។
សូមជម្រាបថា ក្នុងចំណោមករណីឆ្លង នៅថៃសរុបចំនួន ៣.២៣២នាក់ ក្នុងនោះអ្នកជំងឺចំនួន ៣.០៩២ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ។ អ្នកជំងឺ ៨២ នាក់នៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់ត្រូវបានបញ្ឈប់ត្រឹម ៥៨ នាក់៕ ប្រែសម្រួលៈ ណៃ តុលា