Covid-19

ប្រធានាធិបតីប្រេស៊ីល ត្រូវបានគេបញ្ជាក់ថា ក្រោយធ្វើតេស្តលទ្ធផល បង្ហាញថា បានឆ្លងជំងឺកូវីដ១៩ ជាថ្មីម្តងទៀត

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា លោក Jair Bolsonaro ប្រធានាធិបតី របស់ប្រទេសប្រេស៊ីល ត្រូវបានគេបញ្ជាក់ឲ្យដឹង កាលពីថ្ងៃពុធថា គាត់បានធ្វើតេស្តជាថ្មីម្តងទៀត ឃើញថា មានលទ្ធផលជាវិជ្ជមាន ដែលមានវីរុសកូរ៉ូណា ហើយការធ្វើតេស្តនេះ បានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តលើកដំបូងរបស់ គាត់កាលពី១សប្តាហ៍ ឃើញមានវត្តមានវីរុសកូរ៉ូណា ។

គាត់បានថ្លែង ក្នុងកម្មវិធីផ្សព្វផ្សាយព័ត៌មាន ដោយផ្ទាល់ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម Facebook របស់គាត់ថា “យើងសង្ឃឹមថា នៅក្នុងប៉ុន្មានថ្ងៃ ពួកគេនឹងផ្តល់ការធ្វើតេស្តឲ្យខ្ញុំជាថ្មីទៀត ហើយអ្វីៗនឹងល្អ ដូច្នេះហើយ យើងអាចវិលមកធ្វើសកម្មភាព ដូចធម្មតាវិញបាន” ។

លេខារបស់លោកប្រធានាធិបតី បានលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក Bolsonaro បានសម្រាកនៅវិមាន Alvorada Palace នៅប្រេស៊ីលឡា ”ហើយបន្តការតាមដាន ដោយក្រុមគ្រូពេទ្យជំនាញ”។

យោងតាមសេចក្តីប្រកាសបានដាក់ថា ការធ្វើតេស្តចុងក្រោយ ត្រូវបានអនុវត្តន៍ឡើង កាលពីព្រឹកថ្ងៃអង្គារ និងលទ្ធផលចេញនៅពេលយប់ ។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែកក្កដា លោក Bolsonaro បានប្រកាសថា បន្ទាប់ពីមានអាការៈគ្រុនក្តៅ និងមិនសូវស្រួលខ្លួន គាត់បានធ្វើតេស្តឃើញថា មានលទ្ធផលវិជ្ជមាន សម្រាប់ជំងឺកូវីដ១៩ នៅមន្ទីរពេទ្យយោធាប្រេស៊ីល ។

លោក Bolsonaro ដែលមានវ័យ៦៥ឆ្នាំ ក្រុមអ្នកជំនាញបានលើកឡើងថា ដោយសារវ័យចំណាស់ ហេតុនេះអាចនឹងប្រឈមមុខ នឹងហានិភ័យខ្ពស់ ចំពោះការវិវត្តន៍ពីជំងឺនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top