Covid-19

កម្ពុជារកឃើញ អ្នកផ្ទុកកូវីដ១៩ថ្មី ៥នាក់ បន្ថែមទៀត

ភ្នំពេញ៖ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥នាក់បន្ថែមទៀត លើបុរសជនជាតិខ្មែរ ចំនួន ២នាក់ ស្រ្តីជនជាតិខ្មែរ ចំនួន១នាក់ និងបុរសជនជាតិ អាមេរិកចំនួន ២នាក់ ដែលជាអ្នកអ្នក ដំណើរមកពីអាមេរិក ក្នុងចំណោមអ្នកដំណើរ សរុបទាំងអស់ចំនួន៩១នាក់។

នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា ចំពោះអ្នកឆ្លងកូវីដ១៩ ចំនួន៣នាក់ ដែលជាជនជាតិខ្មែរ គឺពួកគេ បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរលេខ BR25 នៅប្រទេសចិន (តៃប៉ិ) មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ចំណែកអ្នកឆ្លងកូវីដ១៩ដែលជាជនជាតិ អាមេរិក២នាក់នោះ បានធ្វើដំណើរពីអាមេរិក បន្តជើង ហោះហើរលេខ KE689 នៅកូរ៉េខាងត្បូង បានមកដល់ប្រទេស កម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់បន្ថែមថា ករណីជនជាតិខ្មែរ ៣នាក់ វិជ្ជមានវីរុសកូវីដ១៩ (លទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា) បុរសអាយុ ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ ៥ឆ្នាំ មានអាស័យដ្ឋាន នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដែលបានទៅលេងឪពុកម្តាយ នៅសហរដ្ឋអាមេរិក តាំងពីខែមីនា ឆ្នាំ២០២០ ជាមួយភរិយា និងកូនស្រីម្នាក់ ទៀត តែស្ត្រីទាំងពីរនាក់ មានលទ្ធផលតេស្តលើកទី១ នេះ អវិជ្ជមានកូវីដ១៩។

ចំពោះអ្នកដំណើរ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុស កូវីដ១៩ ទាំងអស់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តា ឡីស័កចំនួន ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត ដោយចែកចេញជា៖ នៅមណ្ឌលចត្តាឡីស័កទ័ព អាកាស រាជធានីភ្នំពេញ ចំនួន ១០នាក់ និងចំនួន ៧៩នាក់ទៀត ត្រូវបានដាក់ឲ្យស្នាក់នៅសណ្ឋាគារ មួយ ក្នុងសង្កាត់ បឹងកេងកងមួយ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជាមួយគ្នានោះ ក្រសួងបញ្ជាក់ថា អ្នកដំណើរដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុស កូវីដ១៩ ទាំងអស់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តា ឡីស័កចំនួន ១៤ថ្ងៃ ដើម្បីតាមដានសុខភាព បន្តផងដែរ។

ក្រសួងបន្ថែមថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ អ្នកជាសះស្បើយកូវីដ១៩ នៅទូទាំងប្រទេស សរុបទាំងអស់ មានចំនួន ១៣៣នាក់ (ស្មើនឹង ៧៧,៧៨% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ ១៩ទាំងអស់ )ក្នុងនោះមានស្រី ចំនួន៣៩នាក់ និងបុរស ៩៤នាក់។អ្នកកំពុងសម្រាកព្យាបាល នៅសល់ចំនួន៣៦នាក់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបទាំងអស់ចំនួន ១៧១នាក់(ស្រី៤២នាក់ បុរស១២៩នាក់)៕ ដោយ៖ធី លីថូ

To Top