វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា បើយោងតាមរបាយការណ៍មួយចេញ ដោយគម្រោងតាមដានជំងឺកូវីដ១៩ដែលបានប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ជិតកន្លះលាននាក់ ក្នុង១សប្តាហ៍ៗ ។
របាយការណ៍បានដាក់ថា នៅក្នុងសប្តាហ៍នេះ ពលរដ្ឋអាមេរិកាំងប្រមាណ៤៣៥.០០០នាក់ មានរោគសញ្ញាបញ្ជាក់ថា ជាជំងឺកូវីដ១៩ ហើយនេះជាសប្តាហ៍ទី៤ ហើយដែលមានអ្នកឆ្លងជំងឺកើនឡើងខ្លាំង ។
របាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា មានពលរដ្ឋ ជាង៥៦.០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមានរោគសញ្ញាជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ។ ក្នុងចំណោមពលរដ្ឋឆ្លងសរុប គឺមាន៤.៨៧២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទំាងប្រទេស ដែលបានកើនឡើងជិត២៩ភាគរយធៀប នឹងសប្តាហ៍មុន ។
បណ្តារដ្ឋដែលផ្ទុះជំងឺខ្លាំង ក្នុងនោះមាន អារីហ្ស៊ូណា កាលីហ្វ័រនីញ៉ា ផ្លរីដា និងតិចសាស់ ដែលបានឃើញនៅក្នុង កំណត់ត្រាប្រចាំសប្តាហ៍ខ្ពស់ជាងគេដែលមានអ្នក សម្រាកនៅមន្ទីរពេទ្យ និងស្លាប់ ។ ទន្ទឹមនឹងនេះដែរ ការផ្ទុះជំងឺនៅតាមបណ្តារដ្ឋជាច្រើនទៀតមានការគំរាមកំហែងកើនឡើងដោយមាន អ្នកស្លាប់ដោយសារឆ្លងជំងឺនៅក្នុងសប្តាហ៍ខាងមុខ ។
ក្នុងសប្តាហ៍នេះ បណ្តារដ្ឋនៅសហរដ្ឋអាមេរិក និងតំបន់ជាច្រើនទៀត ត្រូវបានគេរាយការណ៍មកថា មានអ្នកធ្វើតេស្តរកកូវីដ១៩ជាង ៥លាននាក់ ក្នុងរយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា