កោះកុង : លោក វេជ្ជបណ្ឌិត ហ៊ួរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា ទោះបីជំងឺកូវីដ១៩ មានអត្រាចុះក៏ដោយ ក្រុមលោកគ្រូពេទ្យ នៅតែមានការកង្វល់ជាប់ជានិច្ច ចំពោះបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាននានាឆ្ងាយៗ ឬកន្លែងដាច់ស្រយាល តែទោះបីយ៉ាងណា អ្វីដែលសំខាន់ ក្រុមលោកគ្រូពេទ្យ បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ចុះធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការថែទាំសុខភាព ការធ្វើអនាម័យបរិស្ថាន ដើម្បីការពារជំងឺកូវីដ១៩ និងជំងឺឱកាសនិយមផ្សេងៗទៀតផងដែរ។
លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្តថា ជំងឺកូវីដ១៩ ជាជំងឺឆ្លងដ៏កាចសាហាវ និងរីករាលដាល នៅលើកពិភពលោក ហើយអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតលឿនបំផុត។ ហេតុដូច្នេះ យើងត្រូវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជំងឺកូវីដ១៩ មិនទាន់បាត់រូប ពីពិភពលោកនៅឡើយទេ។
លោកបានមានប្រសាសន៍បន្តថា ការតាមដានរបស់ លោកគ្រូពេទ្យចត្តាឡីស័ក ស្រុកស្រែអំបិលនេះ ពុំមានរោគសញ្ញាជំងឺកូវីដ១៩ទេ ពីព្រោះលោកគ្រូពេទ្យចត្តាឡីស័ក អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋ បានចូលរួមសហការគ្នាបានល្អ ជាពិសេសទាំងក្រុមលោកគ្រូពេទ្យ ទាំងអាជ្ញាធរគ្រប់មូលដ្ឋាន បានចាក់មេក្រូផ្សព្វផ្សាយអប់រំរាល់ថ្ងៃ ហើយចុះអនុវត្តន៍ជាក់ស្តែង ឲ្យគាត់លាងដៃជាមួយ អាល់កុល ជែល សាប៊ូ និងទឹកស្អាត ឲ្យបានញឹកញាប់ ហើយត្រូវរក្សាសុខភាពខ្លួនផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ” ប្រជាពលរដ្ឋ ដែលគាត់ចូលមកពិនិត្យសុខភាព ក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង រាល់ថ្ងៃនេះ ក្រុមលោកគ្រូពេទ្យចត្តាឡីស័ក ធ្វើការពិនិត្យវាស់កំដៅម្នាក់ម្តងៗ ឲ្យលាងដៃ.ជែល សាប៊ូ ចែកម៉ាស់ និងឲ្យគាត់ និងអង្គុយគម្លាតពីគ្នាពី១,៥០ម៉ែត្រ ហើយអ្នកជំងឺ ដែលចូលមកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ក្រុមលោកគ្រូពេទ្យឲ្យអនុវត្តន៍ដូចគ្នា ដើម្បីក្នុងការចូលរួមប្រយ័ត្ន ការពារការឆ្លងរីករាលដាល បើក្នុងករណីមានកូវីដ១៩” ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខភាព ថែរក្សាអនាម័យ បរិស្ថាន អនុវត្តន៍ទៅតាមការផ្សព្វផ្សាយ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋាន ដែលផ្សព្វផ្សាយរាល់ថ្ងៃ ពីជំងឺឆ្លងកូវីដនេះ ក្នុងនោះដែរ បើមានបងប្អូនចូលមកពីចំណាកស្រុក ស្នាក់នៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យក្រុមលោកគ្រូពេទ្យចត្តាឡីស័ក ចុះពិនិត្យសុខភាព ពិនិត្យកំដៅ ហើយត្រូវឲ្យគាត់នៅដាច់ដោយឡែក ពីក្រុមគ្រួសាររយៈពេល ១៤ថ្ងៃសិន នេះជាប្រការមួយ ដើម្បីការពារការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ បើក្នុងករណីសង្ស័យ។
លោកវេជ្ជបណ្ឌិត បានសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋានទាំងអស់ បើមានលក្ខណៈស័ង្សយ ពីសុខភាពខ្លួនឯង ឬក្នុងក្រុមគ្រួសារ ខុសពីភាពប្រក្រតី សូមអញ្ជើញប្រញាប់ទៅមន្ទីរពេទ្យ ជួបក្រុមលោកពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពិភាក្សាពិគ្រោះយោបល់ ជាមួយលោកគ្រូពេទ្យ និងឲ្យលោកគ្រូពិនិត្យសុខភាព ហើយយើងរួមគ្នា ការពារកូវីដ១៩ ដើម្បីចូលរួមកាត់បន្ថយជំងឺឆ្លងនានា (ការពារប្រសើជាងព្យាបាល) ៕