Covid-19

អាល្លឺម៉ង់ ជំរុញអង្គការសុខភាពពិភពលោក ពន្លឿនពិនិត្យមើល ចំពោះការគ្រប់គ្រងរោគរាតត្បាត

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានជំរុញអង្គការសុខភាពពិភពលោក ឲ្យពន្លឿន លើការត្រួតពិនិត្យមើលវិធី ដែលខ្លួនប្រើប្រាស់គ្រប់គ្រង ការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា អឺរ៉ុបកំពុងតែបង្កើនភាព តឹងតែងលើអង្គភាព របស់អង្គការសហប្រជាជាតិមួយនេះ។

លោក Jens Spahn បាននិយាយប្រាប់ សន្និសីទកាសែតមួយ ក្នុងទីក្រុងប៊ែកឡាំងថា “នៅពេលនិយាយ ដល់ការពិចារណាឡើងវិញ ចំពោះការងាររបស់អង្គការ សុខភាពពិភពលោក នៅក្នុងអំឡុងពេលមានវិបត្តិ ខ្ញុំមានឱកាសដើម្បីលើកឡើង និយាយដោយផ្ទាល់ ទៅកាន់លោកអគ្គលេខាធិការ Tedros ក្នុងទីក្រុងប៉ារីស នាថ្ងៃអង្គារសប្ដាហ៍នេះ ក៏ដូចជាកាលពី ២សប្ដាហ៍កន្លងទៅ នៅក្នុងទីក្រុងហ្សឺណែវ ហើយនៅក្នុងកិច្ចសន្ទនាគ្នាទាំងពីរនោះ ខ្ញុំបានជំរុញឲ្យគាត់ ធ្វើឲ្យកាន់តែប្រាកដ ក្នុងការចាប់ផ្តើមបេសកកម្មឯករាជ្យ របស់អ្នកជំនាញនេះ និងឲ្យពន្លឿនពីការចាប់ផ្តើម”។

គួរបញ្ជាក់ថា ទីក្រុងប៊ែកឡាំង ដែលកំពុងកាន់តំណែងជាប្រធាន នៃសហភាពអឺរ៉ុបនោះ រហូតដល់ពេលបច្ចុប្បន្ននេះ បានការពារយ៉ាងខ្លាំងក្លា នូវអង្គការមូលដ្ឋាន នៅទីក្រុងហ្សឺណែវ ពីការថ្កោលទោសរិះគន់ខ្លាំងក្លា របស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់ចាកចេញពី អង្គការសុខភាពពិភពលោក ព្រោះតែមានការចោទប្រកាន់ថា មានការជិតស្និទ្ធហួសពេក ជាមួយប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង

To Top