Covid-19

WHO បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ជាប្រចាំថ្ងៃ នៅទូទាំងពិភពលោក មានរហូតដល់ជាង ២៦ម៉ឺននាក់

ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានរាយការណ៍ថា នៅក្នុងកំណត់ត្រានៃការកើនឡើង អ្នកដែលឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកសម្រាប់ថ្ងៃទី២នេះ សរុបមានរហូតដល់២៥៩.៨៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

ការកើនឡើងខ្លាំងបំផុត ដែលត្រូវបានគេរាយការណ៍ឲ្យដឹងគិតត្រឹមថ្ងៃសៅរ៍ មានសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃ ។ កាលពីដំបូង អង្គការសុខភាពពិភពលោក មាននៅក្នុងកំណត់ត្រានៃអ្នកឆ្លងជំងឺថ្មីគឺមានចំនួន២៣៧.៧៤៣នាក់ គិតត្រឹមថ្ងៃសុក្រ ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧.៣៦០នាក់ ដែលតួលេខកើនឡើងខ្លាំងបំផុត គិតចាប់តាំងពីថ្ងៃទី១០ ខែឧសភា ។ ចំនួនអ្នកស្លាប់គិតជាមធ្យម មានចំនួន៤.៨០០នាក់ក្នុង១ថ្ងៃ គិតក្នុងខែកក្កដា ដែលចំនួននេះ បានកើនឡើង ដោយគិតជាមធ្យមនៅក្នុងខែមិថុនា មានចំនួន៤.៦០០នាក់ នៅក្នុងខែមិថុនា ។

អង្គការសុខភាពបានរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មីចំនួន៧១.៤៨៤នាក់នៅសហរដ្ឋអាមេរិក ចំនួន៤៥.៤០៣ នៅក្នុងប្រទេសប្រេស៊ីល និងចំនួន៣៤.៨៨៤នាក់នៅក្នុងប្រទេសឥណ្ឌា ហើយចំនួន១៣.៣៧៣នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top