ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ ចក្រភពអង់គ្លេសលោក Liu Xiaoming បានលើកឡើងថាប្រទេសចិន និងសហភាពអឺរ៉ុប អាចធ្វើការរួមគ្នាដើម្បីជួយពង្រឹងការការពារពិភពលោក ប្រឆាំងនឹងការគំរាមកំហែងដល់សុខភាព សាធារណៈដូចជាជំងឺរាតត្បាតកូវីដ-១៩ និងរួមចំណែកក្នុងការកសាងសហគមន៍សុខភាព ពិភពលោក សម្រាប់ទាំងអស់គ្នា។
ឯកអគ្គរដ្ឋទូតចិនបានធ្វើសុន្ទរកថាគន្លឹះមួយ នៅដើមសប្តាហ៍នេះ នៅក្នុងសិក្ខាសាលាចំនួនពីរ គឺវេទិកាស្ថាប័នរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) និងមជ្ឈមណ្ឌលកំណែទម្រង់អឺរ៉ុប (CER) ស្តីពីទំនាក់ទំនងរវាងចិន និងអឺរ៉ុប បន្ទាប់ពីការរាតត្បាត។
នៅក្នុងសុន្ទរកថានោះលោកបានលើកឡើង ថាប្រទេសចិន និងសហភាពអឺរ៉ុប គួរតែបន្តចែករំលែកបទពិសោធន៍ក្នុងការ ទប់ស្កាត់ការរីករាលដាលបង្កើនកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការចាក់វ៉ាក់សាំង និងថ្នាំពង្រឹងការគាំទ្រដល់តំបន់ ដែលមានប្រព័ន្ធសុខាភិបាលសាធារណៈខ្សោយ និងស្វែងរកកិច្ចសហប្រតិបត្តិការរវាង ភាគីចិន សហគមន៍អ៊ឺរ៉ុប និងអាហ្វ្រិក ស្តីពីការឆ្លើយតបនឹងការរាតត្បាត៕ ដោយ ឈូក បូរ៉ា