Covid-19

សម្ដេចតេជោ បន្ដអំពាវនាវឲ្យជាពលរដ្ឋ ថែរក្សាសុខភាពពីកូវីដ-១៩ ខណៈមិនទាន់មានថ្នាំព្យាបាល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវថែរក្សាសុខភាព កុំឆ្លងជំងឺកូវីដ-១៩ព្រោះ ជំងឺនេះមិនទាន់មានថ្នាំព្យាបាល នៅឡើយទេ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានសរសេរថា «ទោះបីកម្ពុជាយើង មានអត្រាឆ្លងកូវីដ-១៩ទាប ឬទោះបីពុំមានអ្នកជំងឺស្លាប់ ដោយសារ ជំងឺកូវីដ១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការ ប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ​ គឺជាជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវបំផុត ហើយពុំទាន់ មានថ្នាំព្យាបាលនៅឡើយទេ»។

សម្ដេចតេជោ បន្ដថា អ្វីដែលប្រជាពលរដ្ឋទាំងអស់គ្នា អាចធ្វើបានងាយៗគឺ ឧស្សាហ៍ ដុសលាងសម្អាត ដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាស់ អោយបានជាប្រចាំ ហើយរស់នៅត្រូវមានសុខភាពល្អ ព្រោះបើអស់សុខភាពហើយ អ្វីៗក៏នឹងបាត់បង់ទៅជាមួយដែរ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៩៨នាក់ ក្នុងនោះមាន១៤២នាក់ បានជាសះស្បើយ និង៥៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈដែល២នាក់ ជាពលរដ្ឋអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕ ដោយ៖ អេង ប៊ូឆេង

To Top