Covid-19

វៀតណាម នឹងរៀបចំទទួលពលរដ្ឋខ្លួនចំនួន ១២០នាក់ ដែលឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេស ហ្គីណេអេក្វាទ័រ

បរទេស៖ វេជ្ជបណ្ឌិត២នាក់ និងគិលានុបដ្ឋាយិកាចំនួន ២ នាក់ មកពីផ្នែកជំងឺតំបន់ត្រូពិក របស់មន្ទីរពេទ្យជាតិ នៅទីក្រុងហាណូយ នឹងជួយធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាមដែលវិជ្ជមានវីរុសកូវីដ១៩ចំនួន ១២០ នាក់ ពីប្រទេស ហ្គីណេអេក្វាទ័រ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកផាម ង៉ុកថាច់ នាយកមន្ទីរពេទ្យហាណូយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋដែលឆ្លងជំងឺនេះគឺជា ផ្នែកមួយនៃបុគ្គលិកគ្រប់គ្រងជនជាតិវៀតណាមជាង ២០០ នាក់ នៅក្រុមហ៊ុនវៀតណាមចំនួន ៣ នៅប្រទេស ហ្គីណេអេក្វាទ័រ នៅអាហ្វ្រិកកណ្តាល នឹងត្រូវធ្វើមាតុភូមិនិវត្តន៍នៅចុង ខែកក្កដា ឬដើមខែសីហាខាងមុខ។

លោកផាម ង៉ុកថាច់ បាននិយាយថា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា នឹងយកថ្នាំពេទ្យ ឧបករណ៍ និងសម្លៀកបំពាក់ការពារពួកគេ។

លោកបន្តថា អ្នកដំណើរនិងនាវិកទាំងអស់ ១២០ នាក់ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក និងព្យាបាលនៅមន្ទីរពេទ្យជាតិផ្នែកជំងឺតំបន់ត្រូពិក នៅពេលពួកគេមកដល់ ហើយនេះ វានឹងជាចំនួនអ្នកជំងឺកូវីដ១៩ ខ្ពស់បំផុតដែលមន្ទីរពេទ្យត្រូវព្យាបាលក្នុងពេលតែមួយ។

ក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ១២០ នាក់ គឺមាន ៣ នាក់បានធូរស្បើយវិញ ហើយអ្នកដែលនៅសេសសល់នៅតែមានផ្ទុកវីរុសនេះ។ មនុស្សជាច្រើនមានរោគសញ្ញាដូចជាក្អក ឈឺបំពង់ក ឈឺក្បាល ឬក្តៅខ្លួន។ អ្នកជំងឺ ៤៦នាក់ មានជំងឺរ៉ាំរ៉ៃរួមមានជំងឺលើសឈាម និងជំងឺ ដំបៅក្រពះឬដំបៅផ្នែកដើមនៃពោះវៀនតូច៕ ប្រែសម្រួលៈ ណៃ តុលា

To Top