តូក្យូ៖ អង្គរក្ស របស់រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Taro Kono បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូវីដ១៩ ប៉ុន្តែលោក Taro Kono ខ្លួនឯង មិនបានឆ្លងវីរុសនេះ នោះទេ។ នេះបើយោងតាមប៉ូលីស និងក្រសួងការពារជាតិជប៉ុន។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់ប៉ូលិសថា អង្គរក្សដែលជាកម្មសិទ្ធិ របស់នាយកដ្ឋានប៉ូលិសក្រុង បានចាប់ផ្តើមអាការៈគ្រុនក្តៅ កាលពីព្រឹកថ្ងៃអង្គារ ហើយត្រូវបានគេបញ្ជាក់ថា មានភាពវិជ្ជមាន នៅក្នុងការធ្វើតេស្ត ប្រតិកម្មខ្សែសង្វាក់ Polymerase ។
ចំណែកលោក Taro Kono បានធ្វើតេស្តិ៍អវិជ្ជមាន នៅក្នុងតេស្ត PCR ក្នុងថ្ងៃតែមួយនោះ។ សេចក្តីរាយការណ៍និយាយថា មនុស្ស ៣ នាក់ទៀត ដែលនៅជិតលោករដ្ឋមន្រ្តី ក៏ត្រូវបានគេអះអាងថា មានលទ្ធផលអវិជ្ជមាន ចំពោះជំងឺកូវីដ១៩ ដែលបង្កឡើង ដោយវីរុសកូរ៉ូណានេះ។
ការឆ្លងមេរោគ របស់អង្គរក្ស រដ្ឋមន្រ្តីការពារជាតិជប៉ុននេះ បានកើតឡើងនៅពេល ដែលប្រទេសជប៉ុន បានកម្រើកឡើងវិញ នូវករណីមេរោគកូវីដ១៩ ដោយតំបន់ទីក្រុងតូក្យូ និងតំបន់ផ្សេងទៀតដូចជា អូសាកានិងអាឈី បានរាយការណ៍ពីចំនួនកំណត់ត្រា នៃករណីតែមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕ ប្រែសម្រួលៈ ណៃ តុលា