ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ៥ថ្ងៃ ជាថ្ងៃសងជំនួស ដែលបានផ្អាកការឈប់សម្រាក កាលពីបុណ្យចូលឆ្នាំ ។
ការអំពាវនាវនេះ ក្នុងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបសំណេះ សំណាល ជាមួយកងកម្លាំងបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមន្ត្រីរាជការ ក្នុងភូមិសាស្ត្រឃុំប្រម៉ោយ ស្រុកវាលវែង និងជួបសំណេះសំណាល ជាមួយប្រតិបត្តិករ បោសសម្អាត មីននៃអង្គការ HALO TRUST និងប្រជាពលរដ្ឋ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានសំដែង ការកោតសរសើរ និងអរគុណចំពោះលទ្ធផល នៃការបោសសំអាតមីន និងកាកសំណល់ពីសង្គ្រាម របស់កងទ័ពយើង ក្នុងក្របខ័ណ្ឌនៃការហ្វឹកហាត់ត្រៀម ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងកម្លាំង HALO TRUST៕
ដោយ៖ ខា ដា