បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា បានចុះផ្សាយថា ការឆ្លងរាលដាលវីរុសCovid-19 អាចជាការត្រួសត្រាយផ្លូវ អោយប្រទេសមហាអំណាច ពង្រីកឥទ្ធិពលរបស់ខ្លួន កាន់តែខ្លាំងថែមទៀត និងអាចជាកញ្ចក់ឆ្លុះបញ្ចាំង ពីប្រសិទ្ធភាពនៃការដឹកនាំ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ នៅជុំវិញពិភពលោក ។
ការឆ្លងរាលដាលវីរុសCovid-19 ក៏កំពុងជំរុញ អោយមានជម្លោះប្រដាប់អាវុធ នៅលើពិភពលោក កាន់តែច្រើនផងដែរ ដោយសារមេដឹកនាំ របស់ប្រទេសមហាអំណាច ឬប្រទេសអ្នកមាន បានបង្វែរការយកចិត្តទុកដាក់ ទៅលើផលប៉ះពាល់ ក្នុងប្រទេសរបស់ខ្លួន ពីការឆ្លងរាលដាលវីរុសមួយនេះ ជាពិសេស គឺផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ។
ដែលថា វីរុសCovid-19 អាចជាការត្រួសត្រាយផ្លូវ អោយប្រទេសមហាអំណាច ពង្រីកឥទ្ធិពលរបស់ខ្លួន គឺដោយសារប្រទេសជាច្រើន នៅលើពិភពលោក កំពុងត្រូវការជំនួយ និងត្រូវការយកចិត្តទុកដាក់ ពីប្រទេសមហាអំណាច ខណៈដែលខ្លួនកំពុងរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងផ្នែកសុខភាពសាធារណៈ ដោយសារវីរុសនេះ ។
ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច លំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក បានដឹកជញ្ជូនម៉ាស់មុខ និងឧបករណ៍ វេជ្ជសាស្ត្រយ៉ាងច្រើនសម្បើម ទៅកាន់ប្រទេសនានា នៅជុំវិញពិភពលោក ដែលជាការបង្ហាញ ពីការយកចិត្តទុកដាក់ ពីសំណាក់ចិន និងប្រទេសជាសម្ព័ន្ធមិត្ត ឬជាប្រទេសដៃគូពាណិជ្ជកម្ម ជាមួយចិន ។
ចំណែកសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ក៏ព្យាយាមទាក់ទាញប្រទេសនានា នៅជុំវិញពិភពលោក តាមរយៈការផ្តល់ជំនួយលុយកាក់ ឬឧបករណ៍វេជ្ជសាស្ត្រដូចចិនដែរ ប៉ុន្តែអាមេរិកមិនអាចទាក់ទាញ ប្រទេសបានច្រើនដូចចិនទេ ដោយសារស្ថានភាពឆ្លងវីរុសCovid-19 នៅក្នុងប្រទេសរបស់ខ្លួន មានលក្ខណៈធ្ងន់ធ្ងរ ជាងប្រទេសចិន ។ ហើយម្យ៉ាងទៀត សហរដ្ឋ អាមេរិក និងប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ហាក់ដូចជា មិនបានត្រៀមលក្ខណៈគ្រប់យ៉ាងបានល្អ សម្រាប់ទប់ទល់ នឹងការឆ្លងរាលដាលវីរុសCovid-19នោះទេ ដែលជាហេតុនាំ អោយមានការលំបាក ក្នុងការជួយប្រទេស ជាសម្ព័ន្ធមិត្តផ្សេងទៀត ។
ពាក់ព័ន្ធការពង្រីកឥទ្ធិពល របស់ប្រទេសមហាអំណាច ក្នុងពេលដែលវីរុស Covid-19 កំពុងឆ្លងរាលដាលនេះដែរ អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយថា វីរុសCovid-19 នឹងធ្វើអោយប្រទេសមានជម្លោះ ដូចជាប្រទេសយ៉េមែន ស៊ីរី អ៊ីរ៉ាក់ និងប្រទេសអាហ្វហ្កានិស្ថានជាដើម ប្រយុទ្ធគ្នាកាន់តែខ្លាំងថែមទៀត ដែលពិបាកនឹងបញ្ចប់ ។
វីរុសCovid-19 នឹងធ្វើអោយប្រទេស មានជីវភាពមធ្យម ក្លាយជាប្រទេសទន់ខ្សោយបន្តិច និងធ្វើអោយប្រទេស មានជីវភាពទន់ខ្សោយ កាន់តែខ្សោយខ្លាំងឡើង ដែលអាចនាំអោយ ផ្ទុះចេញជាជម្លោះប្រដាប់អាវុធ ដោយសារប្រទេសអ្នកមាន ឬប្រទេសមហាអំណាច អោយប្រយោជន៍ទៅខាងភាគីម្ខាងម្នាក់ នៅក្នុងប្រទេសតែមួយ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ ប្រទេសមហាអំណាច ពង្រីកឥទ្ធិពលរបស់ខ្លួន នៅជុំវិញពិភពលោក គឺដោយសារប្រទេសជាច្រើន កំពុងត្រូវការជំនួយសព្វបែបយ៉ាង ទាំងជំនួយបន្ទាន់ និងជំនួយនៅពេលក្រោយ ខណៈដែលប្រទេសរបស់ខ្លួន រងផលប៉ះពាល់ផ្នែកកង្វះខាត ឧបករណ៍វេជ្ជសាស្ត្រ និងប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារវីរុសCovid-19 ។
ជាឧទាហរណ៍ កាលពីមុនវីរុសCovid-19 ប្រទេសខ្លះ ដែលលំអៀងទៅខាងអាមេរិក គឺមិនទទួលយកអំណោយ ពីប្រទេសចិនទេ ដោយខ្លាចអាមេរិកអន់ចិត្ត ហើយប្រទេសខ្លះ ដែលលំអៀងទៅខាងចិន ក៏មិនទទួលយក អំណោយពីអាមេរិកដែរ ដោយខ្លាចប្រទេសចិនអត់ចិត្ត ប៉ុន្តែពេលCovid-19មកដល់ ប្រទេសណាអោយអំណោយ ប្រទេសនោះជាមិត្តល្អ ។
ប្រទេសប្រេស៊ីល បានចាត់ទុកប្រទេសចិន ជាមិត្តល្អបំផុតនៅលើពិភពលោក បន្ទាប់ពីចិត្ត បានផ្តល់អំណោយម៉ាស់មុខ និងឧបករណ៍វេជ្ជសាស្ត្រជាច្រើន ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុស Covid-19 ខណៈដែលប្រេស៊ីល ជាប្រទេសឈរក្នុងលំដាប់ទី២ នៅលើពិភពលោក ដែលមានករណីឆ្លង និងការបាត់បង់ជីវិត មនុស្សច្រើនជាងគេ ។
សន្និដ្ឋាន៖ តើប្រទេសមហាអំណាច ពង្រីកឥទ្ធិពលដើម្បីអ្វី?
ប្រទេសមហាអំណាចខិតខំប្រឹងប្រែង ពង្រីកឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក ដើម្បីប្រយោជន៍ទៅថ្ងៃមុខ គឺប្រយោជន៍ទាំងនយោបាយ ទាំងសេដ្ឋកិច្ច និងទាំងកម្លាំងយោធាផងដែរ ដើម្បីធានានិរន្តរភាពពាណិជ្ជកម្ម របស់ខ្លួនលើឆាកអន្តរជាតិ ។
ប្រសិនបើមិនមានឥទ្ធិពលនយោបាយ និងយោធាខ្លាំងទេ ការដឹកជញ្ជូន ផ្នែកពាណិជ្ជកម្មទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រវាងប្រទេសមហាអំណាច និងប្រទេសជាដៃគូពាណិជ្ជកម្ម ពិតជាមិនមានស្ថិរភាពទេ ហើយប្រទេសជាសម្ព័ន្ធមិត្ត ក៏អាចនឹងបាត់បង់ទំនុកចិត្តដែរ ដែលនេះជាមូលហេតុនាំ អោយមហាអំណាច ពង្រីកអំណាចកាន់តែខ្លាំង ។
ផលប៉ះពាល់
ផលប៉ះពាល់ដែលកើតចេញ ពីការដណ្តើមឥទ្ធិពល របស់ប្រទេសមហាអំណាចនេះ គឺអាចកើតឡើង លើប្រទេសតូចតាចច្រើនជាងគេ ដោយសារតែប្រទេសតូចតាច គឺពឹងផ្អែកលើដង្ហើមសេដ្ឋកិច្ច ពីប្រទេសមហាអំណាច ហើយបើលំអៀង ទៅខាងភាគីណាមួយ ភាគីផ្សេងនឹងគាបសង្កត់លើខ្លួន ដោយចៀសមិនរួច ៕
ដោយ៖ អ៊ី ជិន