Covid-19

នាយករដ្ឋមន្រ្តី អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ បាតុភូតខ្យល់កន្ត្រាក់ និងរលកសមុទ្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០២០នេះ បានធ្វើការអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ បាតុភូតខ្យល់កន្ត្រាក់ និង រលកសមុទ្រ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព អោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ដោយសារមួយរយៈចុងក្រោយនេះ មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ ដែលបានបំផ្លាញ ផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ” ។

សម្ដេចតេជោ បានសរសេរបន្ថែមថា” ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋ ដែលប្រកបរបរចុះទូកនេសាទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់ នូវការផ្សព្វផ្សាយ ព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម”។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានអំពាវនាវបន្តថា” ទន្ទឹមនឹងនេះដែរ ក៏សូមបងប្អូនប្រជាលរដ្ឋ ការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយើង ពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ ឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ហើយក៏ពុំទាន់មានថ្នាំព្យាបាល នៅឡើយទេ។ សូម បងប្អូនប្រជាពលរដ្ឋ ឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាស់អោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល”។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-19 ទាំងអស់គ្នា៕

To Top