ភ្នំពេញ៖ លោកវរនាវីឯក អ៊ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានយ៉ាងល្អ។ នេះបើយោងតាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០លោកវរនាវីឯក អ៊ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជាក៏បានកោតសរសើរ ចំពោះយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយជំលោះរ៉ាំរ៉ៃកន្លងមក តាមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា ហើយនេះជាផ្នែកមួយដ៏សំខាន់ ដែលរុស្ស៊ីត្រូវសិក្សា។
អនុព័ន្ធយោធាសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា លោកវរនាវីឯក អ៊ីវ៉ាន់ ស្ទេដឈេនកូ (IVAN STADCHENKO) ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់បានល្អ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ មិនឱ្យឆ្លងចូលក្នុងសហគមន៍ផងដែ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្ដែងក្ដីសង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ១៩ ស្ងប់ស្ងាត់កងទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាបន្តទៀត៕