Covid-19

អ្នកស្លាប់ ដោយសារជំងឺកូវីដនៅវៀតណាម កើនដល់ ១០នាក់ ខណៈវៀតណាម បន្តរកឃើញអ្នកឆ្លងមេរោគនេះថ្មី ចំនួន ៣០នាក់ទៀត

បរទេស៖ ប្រទេសវៀតណាម បានបញ្ជាក់ពីការឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៣០នាក់ថែមទៀត នៅក្នុងតំបន់ចំនួន ៤ នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយបាននាំឱ្យករណី សកម្មកើនដល់ទៅ ៣៤៥ ករណី។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លង ដែលបានរកឃើញទាំង៣០នោះ រួមមាន ករណីថ្មីចំនួន ២០ ករណីគឺរកឃើញ នៅទីក្រុងដាណាង, ៦ ករណីរកឃើញ នៅខេត្តក្វាងណាម ដែលនៅជិតខាង និង ១ ករណីនៅភាគខាងជើងខេត្ត Bac Giang ដែលករណីឆ្លងថ្មីទាំងអស់ គឺជាប់ទាក់ទង នឹងការផ្ទុះឡើងនៅទីក្រុង ដាណាង។

អាជ្ញាធរសុខាភិបាលវៀតណាម បាននិយាយថា ករណីចំនួន ៣ ដែលនៅសេសសល់ នៅភាគខាងត្បូងនៃខេត្ត Ba Ria-Vung Tau ជាករណីនាំចូល។

ករណីមួយក្នុងចំណោមករណី​ ដែលត្រូវបានបញ្ជាក់នៅទីក្រុង ដាណាង គឺ“ អ្នកជំងឺទី ៧១៨” ដែលជាស្ត្រីអាយុ ៦៧ ឆ្នាំបានស្លាប់ ដោយសារជំងឺកូវីដ១៩នេះ និងជំងឺរាំរៃដទៃទៀត នៅរសៀលថ្ងៃពុធ ដែលបានធ្វើឱ្យអ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ នៅប្រទេសវៀតណាម កើនឡើងដល់ ចំនួន ១០ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top