Covid-19

រុស្ស៊ី នឹងចាប់ផ្ដើម ផលិតវ៉ាក់សាំង ការពារ មេរោគកូវីដ១៩ រយៈពេល២សប្តាហ៍ទៀត ដោយផ្តោតលើតម្រូវការ ប្រជាជន ក្នុងប្រទេសជាមុន

មូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីលោក Mikhail Murashko បាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Murashko បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានតម្រង់ឆ្ពោះទៅរក ទីផ្សារក្នុងស្រុកដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនរបស់យើង” ។

លោករដ្ឋមន្រ្តីបាននិយាយថា ប្រទេសរុស្ស៊ីនឹងផ្តល់វ៉ាក់សាំងនេះ ទៅប្រទេសដទៃទៀតនៅពេលដែលវាមានបរិមាណគ្រប់គ្រាន់ហើយលោកបាន បន្ថែមទៀតថា ការសង្ស័យរបស់ប្រទេសបរទេសអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ គឺគ្មានមូលដ្ឋានទេ។ លោកបានបន្ថែមថា វេទិកាដែលវ៉ាក់សាំងត្រូវបានបង្កើតត្រូវបានសិក្សាយ៉ាងហ្មត់ចត់ហើយ អ្នកបង្កើតបានប្រមូលទិន្នន័យវិទ្យាសាស្ត្រគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាព។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលត្រូវបានចុះបញ្ជីដំបូង លើពិភពលោកប្រឆាំងនឹងមេរោគឆ្លងថ្មីត្រូវបានប្រកាសដោយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារក្នុងកិច្ចប្រជុំមួយតាមអ៊ិនធរណេតជាមួយមន្រ្តីរដ្ឋាភិបាល៕ប្រែសម្រួលៈ ណៃ តុលា

To Top