ភ្នំពេញ ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានកោតសរសើរ កម្ពុជាដែលកំពុងគ្រប់ គ្រងបាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈសហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាល ដាលនៃជំងឺនេះ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភព លោក កើនឡើងដល់២២,៨៣០,៧៥៣នាក់ ក្នុងនោះ អ្នកស្លាប់ ចំនួន៧៩៦,២៧៥នាក់ និងជាសះ ស្បើយ ចំនួន១៥,៤៩៧,៨០៤នាក់។
ចំណែកនៅកម្ពុជាវិញ គិតត្រឹមព្រឹក ថ្ងៃទី២១ សីហា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ២៧៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៥៩នាក់ និង អ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប១៤នាក់។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២១ សីហា នេះ បានឲ្យដឹងថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បញ្ជាក់ថា «សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាលនៃជំងឺ កូវីដ១៩នៅទូទាំងពិភពលោក។ ខ្ញុំសូមកោតសរសើរ ដល់ប្រទេសកម្ពុជាដែលកំពុងគ្រប់គ្រង បាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធក្រោមការដឹក នាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន»។
លោកបន្ដថា ជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិ ជួយដល់ប្រទេសដែលមាន ប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែក តាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។
លោកបន្ថែមថា ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការ ក្នុងការផ្តល់កម្មវិធីអប់រំជាApp និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក៏បានកំពុងផ្សព្វផ្សាយ នូវវិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារ ដែលមិនអាចចូលរៀន ដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិត ជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។
លោកអះអាងថា ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកឡើងវិញ នូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងវិស័យធុរកិច្ច តាមលក្ខណៈសមស្រប នឹងការការពារការឆ្លងរាលដាល សារជាថ្មីនៃកូវីដ១៩។ ម៉្យាងវិញទៀត ខ្ញុំក៏មានបំណងជម្រុញនូវសាមគ្គីភាព ឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេល ដែលការរីករាលដាលកូវីដ១៩នេះ ត្រូវបានបញ្ចប់ផងដែរ ។
ជាងនេះទៅទៀត រដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថា កម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀង សេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគី មានភាពកាន់តែស៊ីជម្រៅថែមទៀត។
សូមរំលឹកថា បើតាមមន្ដ្រីក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២១ សីហា នេះ។លោក នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាបពីថ្ងៃទី ២១-២៣ ខែសីហា ឆ្នាំ២០២០ ។លោក នឹងជួបពិភាក្សាការងារជា មួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្រ របស់ប្រទេសទាំងពីរកាន់ តែរីកចម្រើនថែមទៀត៕
ដោយ ៖ អេង ប៊ូឆេង