បរទេស៖ អ្នកជំងឺតំរងនោម ជនជាតិវៀតណាមចំនួន ៤ នាក់ ដែលបានទទួល ការលាងឈាមញឹកញាប់ នៅពេលនេះ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ បន្ទាប់ពីការព្យាបាលរយៈពេល ៣ សប្តាហ៍។ យ៉ាងណាក៏ដោយ ប្រទេសវៀតណាម ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន ២៧នាក់ បានស្លាប់ផងដែរ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ពួកគេបីនាក់ ក្នុងចំណោម ៤នាក់ ជាអ្នករស់នៅទីក្រុងដាណាង ដែលជាតំបន់ទេសចរណ៍ និងជាចំណុចកណ្តាល នៃការផ្ទុះជំងឺកូវីដក្នុងសហគមន៍ និងម្នាក់ទៀត រស់នៅក្នុងខេត្តក្វាងណាម ដែលនៅជាប់នោះ។
អ្នកជំងឺទាំងបួននាក់ នឹងត្រូវបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យសើស្បែកដាណាង រយៈពេល ១៤ ថ្ងៃបន្តទៀត មុននឹងបន្តព្យាបាលជំងឺផ្សេងទៀត នៅមន្ទីរពេទ្យដាណាង។
មន្ទីរពេទ្យជំងឺសួតនៅដាណាង ក៏បានរំសាយអ្នកជំងឺ Covid-19 ចំនួន ២ នាក់កាលពីថ្ងៃអាទិត្យ ដែលមានស្ត្រី ២ នាក់អាយុ ៤១ និង ៦៧ ឆ្នាំ។
សូមជម្រាបថា ប្រទេសវៀតណាម បានកត់ត្រាអ្នកជំងឺកូវីដ១៩ កើនឡើងរហូតដល់ ១ ០១៦ នាក់ ក្នុងនោះ ៥៦៨ នាក់បានជាសះស្បើយហើយ។ ចំនួនអ្នកស្លាប់ ដោយសារមេរោគកូវីដនេះ គឺមានចំនួន ២៧ នាក់។ អ្នកស្លាប់ភាគច្រើននៃ Covid-19 នៅវៀតណាម បានពាក់ព័ន្ធនឹងអ្នក ដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ រួមទាំងជំងឺមហារីក ជាដើម៕ ប្រែសម្រួលៈ ណៃ តុលា