ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ក្នុងស្ថានភាព កំពុងប្រឈមនឹងការរីករាលដាល ជំងឺកូវីដ-១៩ ធ្វើឲ្យចំនួនភ្ញៀវ និងចំនួនអ្នកដំណើរឆ្លងកាត់ ចេញ-ចូល ប្រទេសមានការថយចុះ ដោយសារតែ វិធានការណ៍តឹងរឹង ដើម្បីការពារការនាំចូលជំងឺកូវីដ-១៩។ នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍របស់ នាយកដ្ឋានច្រកទ្វារទី១ និងទី២ ស្តីពី សភាពការណ៍ភ្ញៀវចេញ-ចូល នៅតាមច្រកទ្វារអន្តរជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងវិធានការបង្កា ទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា ភាគីពាក់ព័ន្ធត្រូវបន្ដការយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែន។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីត្រួតពិនិត្យមើល សភាពការណ៍ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែន អន្តរជាតិ ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងស្ថានភាពដែល កំពុងប្រឈម នឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជា ការប្រឈមការរារាំង ការដំណើរការរបស់ ប្រទេសជិតខាង និងប្រទេសជាតិយើងទាំងមូល ដែលធ្វើឲ្យចំនួនភ្ញៀវ និងចំនួនអ្នកដំណើរឆ្លងកាត់ ចេញ-ចូល ប្រទេសមានការការថយចុះ ដោយសារតែចាត់វិធានការណ៍តឹងរ៉ឹង ដើម្បីការពារទប់ស្កាត់ ការនាំចូលជំងឺកូវីដ-១៩»។
លោកក៏បានសំណូមពរឲ្យ នាយកដ្ឋានទាំងពីរ យកចិត្តទុកដាក់ធ្វើការងារតាមជំនាញ តាមគោលការ ណ៍របស់ អគ្គនាយកដ្ឋាន គោលការណ៍ក្រសួងមហាផ្ទៃ និងតាមគោលការណ៍ក្រសួងសុខាភិបាល រួមទាំងការគ្រប់គ្រងច្រករបៀង ស្លាបឆ្វេង ស្លាបស្តាំរបស់ប៉ុស្តិ៍ ឲ្យបានតឹងរឹង ជាមួយនឹងការពិនិត្យឡើង វិញ នូវឧបករណ៍ សម្ភារៈ សម្រាប់ការពារជំងឺកូវីដ-១៩៕ ដោយ៖ អេង ប៊ូ ឆេង


