ព្រុចសែល៖ លោក Phil Hogan បានលាឈប់ពីតួនាទី ជាស្នងការពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប (EU) ចំពោះការចូលរួមដ៏ចម្រូងចម្រាស់ របស់លោកនៅក្នុងព្រឹត្តិការណ៍ កីឡាវាយកូនហ្គោល និងអាចរំលោភលើច្បាប់ នៃការដាក់កំហិតលើជំងឺកូវីដ-១៩ ក្នុងពេលធ្វើដំណើរ ទៅប្រទេសអៀរឡង់ថ្មីៗនេះ។
អ្នកនយោបាយ ជនជាតិអៀរឡង់រូបនេះ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា“ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ដែលដំណើររបស់ខ្ញុំទៅកាន់អៀរឡង់ ដែលជាមោទនភាព ដែលខ្ញុំបានតំណាង ក្នុងនាមជាមន្រ្តីសាធារណៈម្នាក់ សម្រាប់ជីវិតពេញវ័យភាគច្រើនរបស់ខ្ញុំ បានបង្កការព្រួយបារម្ភបែបនេះ ទាំងមិនស្រួល និងខកចិត្ត” ។
លោក Phil Hogan បានអះអាងថា លោកបានព្យាយាម អនុវត្តតាមបទប្បញ្ញត្តិជំងឺកូវីដ -១៩ នៅក្នុងប្រទេសអៀរឡង់ ហើយគិតថា លោកបានអនុវត្ដ ទៅនឹងគោលការណ៍ណែនាំ សុខភាពសាធារណៈទាំងអស់។
លោកបានទទូចថា “វាមានសារៈសំខាន់ណាស់ ក្នុងការបញ្ជាក់ថា ខ្ញុំមិនបានរំលោភច្បាប់ណាមួយទេ” ប៉ុន្តែបានសារភាពថា ក្នុងនាមជាអ្នកតំណាងសាធារណៈ លោកគួរតែមានភាពម៉ឺងម៉ាត់ ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍សុខភាពសាធារណៈ៕ ដោយ៖ ឈូក បូរ៉ា