សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងលើសពី១២១.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥៥៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់១២១.៣៨១នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នា២៤ម៉ោង ការធ្វើតេស្តបានរកឃើញថា មានករណីឆ្លងជំងឺថ្មីចំនួន៤៥.៩៦១នាក់ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនឡើងដល់៣.៩០៨.២៧២នាក់ ។
គួរឲ្យកត់សម្គាល់ជាវិជ្ជមាន ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា ថ្ងៃទី៥ហើយដែលមានអ្នកស្លាប់ជាបន្តបន្ទាប់តិចជាង១ពាន់នាក់ ដោយសារវីរុសកូរ៉ូណា ។
យ៉ាងណាមិញ សៅប៉ូឡូ ដែលជារដ្ឋមួយស្ថិតនៅភាគអាគ្នេយ៏នៃប្រទេសប្រេស៊ីល បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុតដោយការឆ្លងរាលដាលជំងឺ គិតត្រឹមថ្ងៃចន្ទនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ១៩លើសពី៣០.០០០នាក់ ដែលចំនួនអ្នកស្លាប់បាននាំមុខប្រទេសអេស្ប៉ាញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា