ញូវដេលី៖ ប្រទេសឥណ្ឌា បានវ៉ាដាច់ប្រទេសប្រេស៊ីល ទាក់ទងនឹងករណីឆ្លងសរុប ដែលត្រូវបានបញ្ជាក់នៅថ្ងៃចន្ទនេះ ដែលបានក្លាយជាប្រទេស ដែលរងផលប៉ះពាល់អាក្រក់ លំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រវត្តិសាស្ត្រគួរឱ្យស្ញប់ស្ញែងនេះ បានកើតឡើងត្រឹមតែពីរថ្ងៃ បន្ទាប់ពីប្រទេស ដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២ លើពិភពលោក ដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់បានរាយការណ៍ថា ករណីឆ្លងជំងឺកូវីដ-១៩ បានកើនដល់ជាង ៤ លាននាក់ហើយ។
នៅថ្ងៃច័ន្ទនេះ ប្រទេសអាស៊ីខាងត្បូងមួយនេះ បានឲ្យដឹងថា ចំនួនករណីសរុប បានកើនឡើងដល់ ៤.២០៤.៦១៣ នាក់ ខណៈប្រទេសប្រេស៊ីល មានករណីចំនួន ៤.១៣៧.៥២១ ករណីនៅថ្ងៃអាទិត្យ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសនាំមុខលើពិភពលោក ដោយមានចំនួនជាង ៦ លានករណី នេះបើយោងតាម អង្គការសុខភាពពិភពលោក។
ប្រទេសឥណ្ឌា បានវ៉ាប្រទេសប្រេស៊ីល បន្ទាប់ពីបានកត់ត្រាករណីថ្មី ចំនួន ៩០.៨០២ ករណីក្នុងរយៈពេល ២៤ ម៉ោង ដល់ម៉ោង ៨ ព្រឹកថ្ងៃច័ន្ទ ហើយថ្មីៗនេះ ប្រទេសឥណ្ឌាបាន និងកំពុងកត់ត្រា នូវករណីថ្មីប្រចាំថ្ងៃធំជាងគេបំផុត នៅលើពិភពលោក៕ ដោយ៖ឈូក បូរ៉ា