ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៊ី បានសន្យាជួយផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ក្នុងកម្រិតណាមួយ ដល់ប្រទេសកម្ពុជា ។ នេះបើតាមការបញ្ជាក់ របស់លោក ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្វ្រិក មជ្ឈឹមបូព៌ា និងជាអ្នកនាំពាក្យរង ក្រសួងការបរទេសខ្មែរ ។
ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៤ កញ្ញា បានស្នើឲ្យប្រទេសមួយនេះ ជួយផ្តល់ជំនួយ ជាថ្នាំវ៉ាក់សាំងមកកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺនេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១ តុលានេះ លោក ណី សំអុល បានបញ្ជាក់ថា «វ៉ាក់សាំងនេះ ទើបតែ resgister (ចុះបញ្ជី) នៅក្រសួងសុខាភិបាលរុស្សី កាលពីម្សិលមិញ អីចឹងគឺថា នៅពេលរុស្សីចប់សព្វគ្រប់ រុស្ស៊ីសន្យាថានឹងជួយ ក្នុងកម្រិតណាមួយ មកដល់កម្ពុជា» ។
លោកបន្ថែមថា ក្នុងកម្រិតណាមួយ បានន័យថា អាចនឹងជួយជាលក្ខណៈមនុស្សធម៌ ហើយមួយផ្នែកទៀត គឺពាណិជ្ជកម្ម តាមរយៈការដោះដូរ ៕
ដោយ៖ ខា ដា